ក្រុមគ្រួសារខ្ញុំ ត្រូវស្លាប់និងបំបែកបំបាក់ឱ្យព្រាត់គ្នា ដោយរបបខ្មែរក្រហម
នៅឆ្នាំ១៩៧៦ អង្គការខ្មែរក្រហមជ្រើសរើសកម្លាំងយុវជន-យុវនារីឲ្យបម្រើមុខងារផ្សេងៗតាមតម្រូវការ ហើយបងប្អូនរបស់ វ៉ាន់ កោយ ក៏ត្រូវបានជ្រើសរើសដែរ។ បងប្រុសរបស់ វ៉ាន់ កោយ ឈ្មោះ វ៉ាន់ ហេន ដែលធ្វើជាកងកម្លាំងក្នុងរបប ប៉ុល ពត បានបាត់ខ្លួនអំឡុងវាយជាមួយវៀតណាមនៅតាមព្រំដែនខ្មែរ-វៀតណាម។ បងប្រុសបន្ទាប់របស់គាត់ឈ្មោះ វ៉ាន់ ហាន ដែលធ្វើជាកូនទ័ពនៅជាមួយ ខៀវ សំផន ត្រូវទៅកាន់ខេត្តបាត់ដំបងជាមួយប្រពន្ធ រួចបន្តដំណើរដល់ស្រុកសំឡូត បន្ទាប់មក គាត់បានចូលដល់ប្រទេសថៃ។ ចំណែកបងស្រីទី៤របស់ កោយ ឈ្មោះ វ៉ាន់ យ៉ាន បានធ្វើជាពេទ្យក្នុងស្រុកមេមត់។ ទន្ទឹមនឹងនេះដែរ ឪពុករបស់កោយ ឈ្មោះ ខិម វ៉ាន់ បានស្លាប់នៅតាមដោយសារតែការជ្រើសរើស និងការចាត់តាំងដូចខាងលើ សមាជិកគ្រួសាររបស់ វ៉ាន់ កោយ ត្រូវបែកបាក់គ្នា លែងបានជួបជុំគ្រួសារ ហើយគ្មានដំណឹងថារស់ឬស្លាប់ឡើយ។ វ៉ាន់ កោយ លើកឡើងថា៖ “ឃើញគឺនៅរស់ មិនឃើញគឺស្លាប់។”
ឈ្មោះ វ៉ាន់ កោយ[1] ភេទប្រុស អាយុ ៥៧ឆ្នាំ មានស្រុកកំណើតនៅភូមិឈូក ឃុំត្រមូង ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅ ភូមិឈូក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ កោយ មានឪពុកឈ្មោះ ខិម វ៉ាន់ និងម្តាយឈ្មោះ តឿ ពុ។ កោយ មានបងប្អូនចំនួន៧នាក់ ហើយក្នុងនោះបានស្លាប់ចំនួនពីរនាក់ ហើយបងប្អូនដែលនៅរស់រានមានជីវិតដល់សព្វថ្ងៃ មានចំនួន៥នាក់ ក្នុងនោះស្រី៣នាក់។
វ៉ាន់ កោយ រៀបការក្រោយសម័យខ្មែរក្រហម ជាមួយប្រពន្ធឈ្មោះ យង់ សាមីន និងមានកូន ស្រីម្នាក់និងប្រុសម្នាក់។ ក្នុងសម័យខ្មែរក្រហម កោយ មានអាយុប្រហែល៩ទៅ១០ឆ្នាំ ដែលស្ថិតក្នុងវ័យកុមារភាព មិនទាន់អាចធ្វើការងារដូចជាមនុស្សធំបាននៅឡើយ។ ទោះបី កោយ មានអាយុតិច ក៏កោយ នៅចងចាំរឿងរ៉ាវដែលបានកើតឡើងក្នុងគ្រួសារ នៅក្នុងសម័យខ្មែរក្រហម បានយ៉ាងច្បាស់។ ខ្មែរក្រហមបានជម្លៀសប្រជាជនមកពីទីក្រុងភ្នំពេញ ដែលត្រូវបានស្គាល់ថាជាប្រជាជន១៧មេសា ឲ្យទៅធ្វើការងារក្នុងឃុំជាំតាម៉ៅ។ អ្នកភ្នំពេញមួយចំនួន ត្រូវចាត់ឲ្យរស់នៅក្នុងភូមិឈូក ឃុំត្រមូង ហើយខ្លះទៀតត្រូវជម្លៀសឲ្យទៅឃុំជាំតាម៉ៅ។ ប្រជាជនភាគច្រើន ធ្វើស្រែនៅខាងក្រោយផ្ទះរបស់ កោយ។ នៅក្នុងមួយថ្ងៃ ប្រជាជនទទួលបានរបបអាហារចំនួនពីរពេលតែប៉ុណ្ណោះ។
នៅឆ្នាំ១៩៧៦ ខ្មែរក្រហមប្រមូលទ្រព្យសម្បត្តិរបស់ប្រជាជនដាក់ជាទ្រព្យរួម នៅសហករណ៍ក្នុងភូមិ។ នៅតាមសហករណ៍ មានការរៀបចំជាតុវែងៗសម្រាប់ឲ្យប្រជាជនហូបបាយរួមគ្នា។ មិនតែប៉ុណ្ណោះ ម៉ោងហូបបាយត្រូវបានបែងចែកដាច់ៗពីគ្នាទៅតាមប្រភេទប្រជាជន គឺកុមារហូបបាយមុនគេ, រួចមនុស្សចាស់ហូបបន្ទាប់ ហើយកងចល័តហូបក្រោយគេបង្អស់។ ចំពោះក្មេងៗដូចជា កោយ អាចបានរៀនសូត្រ នៅសម័យខ្មែរក្រហមដែរ តែគ្មានសាលាត្រឹមត្រូវទេ។ ក្មេងៗត្រូវរៀនក្រោមដើមឈើ និងក្នុងរោងសហករណ៍។ ការរៀនសូត្រចាប់ផ្តើមនៅព្រឹកម៉ោង៧:០០ និងបញ្ចប់នៅម៉ោង១១:០០ នាទី។ បន្ទាប់ពីសំឡេងជួងបន្លឺឡើង ក្មេងៗនាំគ្នាទៅហូបបាយ។ នៅក្នុងមួយថ្ងៃ ក្មេងៗអាចរៀនត្រឹមតែអក្សរ ក ខ និងស្រៈបន្តិចបន្តួចប៉ុណ្ណោះ ដែលបណ្តាលឲ្យក្មេងៗមិនអាចចេះអក្សរបានទេ។ ថ្វីត្បិតតែម៉ោងរៀនមានរយៈពេលរហូតដល់ទៅ៤ម៉ោង ជាក់ស្តែង ក្មេងៗរៀនបានត្រឹមតែមួយម៉ោងប៉ុណ្ណោះ ចំណែកឯម៉ោងសេសសល់គឺក្មេងៗត្រូវធ្វើការ។ បន្ទាប់ពីហូបបាយថ្ងៃត្រង់រួច កុមារទាំងអស់ត្រូវរែកអាចម៍គោធ្វើជី និងកាប់ទន្ទ្រានខេត្ត។ ចំពោះក្មេងធំជាង កោយ បន្តិច ត្រូវចាត់តាំងឲ្យទៅមើលឃ្វាលគោ និងក្របី។
សហករណ៍ មានតម្រូវការជីជាច្រើន ដើម្បីផ្គត់ផ្គង់លើដំណាំ។ ហេតុនេះក្មេងៗមិនសូវបានចូលរៀនទេ ព្រោះអង្គការត្រូវការកម្លាំងក្មេងៗធ្វើជី កាប់រណ្តៅផ្អាប់លាយអាចម៍គោ អាចម៍ក្របី ដើមទន្ទ្រានខេត្ត និងរុក្ខជាតិផ្សេងៗទៀត។ រណ្តៅជីមានចំនួន៦ធំៗ ស្ថិតនៅខាងកើតសាលារៀន៣រណ្តៅ និងខាងលិចនៃភូមិឈូក៣រណ្តៅ។វៀតណាមនៅចុងឆ្នាំ១៩៧៦ គ្រួសារកោយត្រូវបានព្រាត់ប្រាស់គ្នាទាំងអស់។ កោយ បានឃើញកម្មាភិបាលខ្មែរក្រហមបណ្តើរមនុស្សម្នាក់កាត់មុខ អំឡុងពេលក្មេងៗ កំពុងលេងនៅក្រោមដើមស្វាយ និងដើមដូង។ កម្មាភិបាលខ្មែរក្រហមកាន់ខ្សែតី បណ្តើរមនុស្សដោយចងស្លាបសេក។ បុរសដែលត្រូវកម្មាភិបាលខ្មែរក្រហមបណ្តើរ ស្លៀកខោគគីជើងខ្លី គ្មានអាវ ដើរសំដៅទៅភូមិងើ ដោយមិនត្រលប់មកវិញឡើយ។
នៅឆ្នាំ១៩៧៧ ខ្មែរក្រហមវាយជាមួយវៀតណាម បង្កជាសូរសំឡេងគ្រាប់កាំភ្លើងកាន់តែខ្លាំង។ យប់ឡើង នៅពាសមេឃ មានគ្រាប់ប្រសាចដូចកាំជ្រួច។ ព្រឹកឡើងគ្រូបង្រៀនក្នុងភូមិឈូក ឈ្មោះ ប៉ែន សុភិន ឈប់មកបង្រៀន ព្រោះវៀតណាមវាយចូលជិតដល់។ គ្រួសារនីមួយៗដែលរស់នៅក្នុងភូមិ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិទៅរស់នៅភូមិជ្រៃចំនួន៣យប់ រហូតដល់សភាពការណ៍ស្ងាត់ទៅវិញ ទើបប្រជាជនអាចត្រលប់មកផ្ទះវិញ។ ប្រជាជននៅស្រុកមេមត់ទាំងអស់ រួមទាំងគ្រួសាររបស់កោយដែរ ត្រូវជម្លៀសចេញ នៅពេលដែលវៀតណាមវាយសម្រុកម្តងៗ។ នៅពាក់កណ្តាលឆ្នាំ១៩៧៧ ខ្មែរក្រហមជម្លៀសប្រជាជនមូលដ្ឋានចេញពីផ្ទះសំបែងគ្មានសល់។ ប្រជាជនដែលបានមកពីភ្នំពេញ បានបាត់ខ្លួនអស់ ដោយមិនដឹងខ្មែរក្រហមយកទៅសម្លាប់នៅកន្លែងណាទេ? ដំបូង ខ្មែរក្រហមបានជម្លៀសប្រជាជនឲ្យទៅនៅភូមិជុំនំពល ចំនួនកន្លះខែ។
នៅទីនោះ វ៉ាន់ កោយ ត្រូវបានចាត់តាំងឲ្យឃ្វាលក្របី-គោ និងគ្មានអាហារហូបគ្រប់គ្រាន់ទេ។ ក្នុងមួយពេល កោយ ទទួលបានអាហារចំនួនពីរវែក។ ចំណែកអ្នកដែលមិនទៅធ្វើការ គឺមិនទទួលបានរបបអាហារ។ បន្ទាប់មក ខ្មែរក្រហមជម្លៀសប្រជាជនបន្តទៅនៅភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ កោយ បានជួបជាមួយបងរបស់ខ្លួនឈ្មោះ វ៉ាន់ យ៉ាន ដែលធ្វើការនៅអង្គភាពពេទ្យ។ នៅពេលឪពុកកោយ ធ្លាក់ខ្លួនឈឺ វ៉ាន់ យ៉ាន បានលួចថ្នាំទៅជូនឪពុក ដើម្បីឲ្យជំងឺបានធូរស្បើយ។ កោយ ជួបបងស្រីបានតែម្តងនេះឯងក្នុងសម័យខ្មែរក្រហម ហើយក៏បែកគ្នាទៀត។
ខ្មែរក្រហមបន្តដេញប្រជាជនឲ្យរត់ទៅមុនទៀត ព្រោះវៀតណាមជិតមកដល់។ កោយ ចេញផុតពីភូមិស្រែរនាមបានចំនួន៥ថ្ងៃ ក៏មានការទម្លាក់គ្រាប់បែក និងការបាញ់គ្នា បណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់។ ក្រោយមក ខ្មែរក្រហមជម្លៀសគ្រួសារ វ៉ាន់ កោយ ដល់ភ្នំព្រិច ឃុំស្វាយជ្រះ ស្រុកស្នួល។ ខណៈពេលធ្វើដំណើរតាមផ្លូវ ប្រជាជន គ្មានអាហារហូបគ្រប់គ្រាន់ទេ។ ក្នុងអំឡុងពេលស្នាក់នៅភូមិស្រែរនាម ឪពុករបស់កោយ កំពុងតែមានជំងឺស្រាប់ក៏មានសុខភាពចុះទ្រុឌទ្រោម រួចបានស្លាប់នៅតាមផ្លូវ។ នៅភ្នំព្រិចបានមួយសប្តាហ៍ ប្រជាជន ត្រូវជម្លៀសបន្តទៅភូមិអាជេន ទន្សោងធ្លាប់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅពេលដែលប្រជាជនមកដល់និងស្នាក់នៅឃុំកំពង់ចាម គឺមានអាហារហូបគ្រប់គ្រាន់ ព្រមទាំងសម្បូរត្រីថែមទៀតផង។ ត្រឹមតែចេញពីផ្ទះធ្វើដំណើរទៅព្រែក ក៏ប្រជាជនអាចចាប់ត្រីបានទៅតាមវាលស្រែដែរ។ មិនតែប៉ុណ្ណោះ ទីតាំងនេះ ថែមទាំងសម្បូរសត្វស្លាប រួមមានកុក មាន់ទឹក ដែលតែងចុះមកចឹកស៊ីត្រីទៀតផង។ ប្រធានសហករណ៍នៅទីតាំងនេះ ពុំធ្វើបាបប្រជាជនទេ ទោះបីប្រជាជនភូមិភាគបូព៌ា ដែលខ្មែរក្រហមចោទថាក្បាលវៀតណាមខ្លួនខ្មែរក៏ដោយ។ អ្នកភូមិនៅមូលដ្ឋាននេះ មិនដែលសួរនាំគ្នាទេ។ ព្រឹកឡើងប្រជាជននាំគ្នាចេញទៅបិទភ្លឺស្រែ ត្រៀមទុកសម្រាប់ពេលភ្លៀងធ្លាក់ ដើម្បីអាចចាប់ផ្តើមភ្ជួរ រាស់ និងស្ទូងស្រូវបានភ្លាមៗ។ ថ្ងៃខ្លះ ប្រជាជននាំគ្នាចេញទៅឃ្វាលគោ រហូតទល់ល្ងាចទើបដេញគោចូលក្រោលវិញ។ មួយរយៈក្រោយមក វ៉ាន់ កោយ ត្រូវបានជម្លៀសទៅកាន់ថ្មគ្រែ ដើម្បីរង់ចាំកាណូតមកទទួលទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ស្នាក់នៅស្ទឹងត្រង់មួយយប់ព្រឹកឡើង កោយ ត្រូវបានដឹកតាមឡានចេញទៅភូមិស្វាយភ្លើង ខេត្តកំពង់ធំ។
នៅភូមិស្វាយភ្លើងបាន៥ថ្ងៃ ទីក្រុងភ្នំពេញត្រូវបានវាយបែក។ កោយ ក៏ត្រលប់មកស្រុកំណើតវិញ តាមឡានវៀតណាម ដែលដឹកគាត់មកដល់ខេត្តកំពង់ចាម។ មកដល់ទីនេះ កោយ បានឆ្លងការណូតទៅត្រើយម្ខាង និងបន្តដំណើរដោយថ្មើរជើង ហើយយប់កន្លែងណាគាត់សម្រាកនៅកន្លែងនោះ រហូតទាល់តែមកដល់ផ្ទះ។ ផ្ទះសំបែងរបស់កោយត្រូវភ្លើងឆេះខ្ទេចខ្ទី និងមានស្មៅដុះព័ទ្ធជុំជិត។ ហេតុនេះ កោយ បានប្រមែប្រមូល ក៏ដូចជាមាសដែលនៅសល់ពីខ្មែរក្រហម ទៅដូរស្រូវពូជ និងរបស់ប្រើប្រាស់នៅប្រទេសវៀតណាម។ កោយ ត្រូវជីកដំឡូងហូប ទម្រាំមានស្រូវអង្ករគ្រប់គ្រាន់។
អត្ថបទដោយ៖ ឈុំ រ៉ា
ឯកសារយោង
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាសន៍ ជាមួយ វ៉ាន់ កោយ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ភូមិឈូក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។