ខ្មែរក្រហមរៀបការឲ្យទាំងមិនដឹងខ្លួន

យាប មិន រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង (២០២៤)

(ស្ទឹងត្រែង)៖ កើតនៅឆ្នាំ១៩៤៩ យាប មិន ភេទប្រុស មានអាយុ ៧៥ឆ្នាំ។ មិន មានស្រុកកំណើតនៅក្រុងស្ទឹងត្រែង និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុករបស់មិនឈ្មោះ យាប ម៉ាន់, ម្ដាយឈ្មោះ សំណាង ហើយ មិន មានបងប្អូនបីនាក់ ក្នុងនោះស្រីម្នាក់។

នៅទសវត្សរ៍ឆ្នាំ១៩៦០ មិន ឈប់រៀនត្រឹមថ្នាក់ទី៣ (សង្គមចាស់) និងត្រលប់ទៅធ្វើស្រែចម្ការជាមួយឪពុកម្ដាយ។ មិន និយាយថា នៅឆ្នាំ១៩៧០ កងទ័ពខ្មែរក្រហមបានចូលកាន់កាប់ក្រុងស្ទឹងត្រែង និងជម្លៀសប្រជាជនឲ្យធ្វើការរួម និងហូបរួម។ ក្នុងមួយឆ្នាំ ខ្មែរក្រហមចែកសម្លៀកបំពាក់ពណ៌ខ្មៅ ដោយក្នុងម្នាក់ទទួលបានពីរសម្រាប់។

នៅឆ្នាំ១៩៧៥ មិន ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាកងទ័ពខ្មែរក្រហម ដោយធ្វើការពីម៉ោង៦ព្រឹករហូតដល់ម៉ោង ១១ព្រឹក ទើបបានសម្រាកហូបបាយ។ មិន ត្រូវធ្វើការបន្តទៀតរហូតដល់យប់ទើបបានសម្រាន្ត។ មិន និយាយថា អ្នកដែលមិនទៅធ្វើការ នឹងត្រូវខ្មែរក្រហមសម្លាប់។ មិន បន្តថាគាត់ត្រូវតែទ្រាំធ្វើការទាំងហូបចុកមិនគ្រប់គ្រាន់។

នៅឆ្នាំ១៩៧៨ ខ្មែរក្រហមបានរៀបចំឲ្យ មិន រៀបការក្នុងពេលតែមួយជាប្តីប្រពន្ធពីរគូទៀត។ មិន ថាខ្លួនមិនបានដឹងអំពីគម្រោងរៀបការរបស់ខ្មែរក្រហមនេះទេ។ នៅពេលនោះ គាត់មិនហ៊ានប្រកែក ឬតវ៉ាជាមួយខ្មែរក្រហមឡើយ។

នៅឆ្នាំ១៩៧៩ ក្រោយពីរបបខ្មែរក្រហមដួលរលំ មិន បានព្រាត់ប្រាសបងប្អូនបង្កើត។ នៅឆ្នាំ១៩៨០ មិន និងប្រពន្ធឈ្មោះ ផល បានមករស់នៅភូមិកោះព្នៅ និងធ្វើស្រែចម្ការប្រវាស់ដៃ។ សព្វថ្ងៃ មិន មានកូនប្រាំមួយនាក់ ក្នុងនោះស្រីម្នាក់។

អំពីការនេសាទនៅភូមិកោះព្នៅ មិន មានការបារម្ភអំពីការបាត់បង់ធនធានធម្មជាតិ នៅតាមដងទន្លេមេគង្គ ដោយសារការប្រែប្រួលអាកាសធាតុ, ការបាត់បង់ជម្រកត្រីពងដូចជាព្រៃលិចទឹក និងការប៉ះពាល់បរិស្ថាននៃការសាងសង់ទំនប់វារីអគិ្គសនី៕

សម្ភាសដោយ សូ​ នីតា ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin