អ្នកប្រព្រឹត្តិខុសក្រមសីលធម៌ត្រូវយកទៅកសាង

(សៀមរាប) ៖ យ៉ែម ផាត មានអាយុ៦១ឆ្នាំ រស់នៅក្នុងឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ផា​ត បានចូលរៀននៅក្នុងសាលាបានបីខែ បន្ទាប់មកក៏មានផ្ដួលរលំរដ្ឋាភិបាល​របស់សាធារណរដ្ឋខ្មែរ។ ក្នុងមួយថ្ងៃទៅមួយថ្ងៃ ផាត ដើរកាប់អុសដើម្បីឲ្យឪពុករបស់ខ្លួនកូរស្ករត្នោត។​

ពេលដែលខ្មែរក្រហមនិងទាហានរបស់សាធារណ​​​រដ្ឋ​ខ្មែរមានជម្លោះ ផាតនិងគ្រួសារបានរត់ចូលទៅនៅក្នុងព្រៃបានប្រាំថ្ងៃ គ្រួសាររបស់គាត់បានឮការកោះហៅឲ្យចេញពីព្រៃវិញ។​ បន្ទាប់ពីបានមករស់នៅក្នុងខេត្តសៀមរាបវិញបានអស់រយៈពេលប្រាំថ្ងៃ ខ្មែរក្រហមបានវាយលុកកាន់កាប់​ខេត្តសៀមរាបនៅក្នុងឆ្នាំ១៩៧៣។

របបអាហារក្នុងមួយថ្ងៃគឺមានតែបបរសរាវដូចទឹក។​ ប្រជាជនម្នាក់អាចទទួលបានបបរដែលមានកាកតែបីស្លាបព្រាប៉ុណ្ណោះ និងអាចហូបបានតែពីរដងក្នុងមួយថ្ងៃ។​ ផាត មានតួនាទីក្នុងការកាប់ទន្រ្ទានខេត្ត លើកទំនប់ និងបិទភ្លឺស្រែ។ ទាហានខ្មែរក្រហម​ចាត់ឲ្យមនុស្ស១២នាក់ក្នុងមួយហិចតាដើម្បីស្ទូង។​ ផាត​ តែងតែឮសម្លេងជួងនៅម៉ោង៤ព្រឹក។​ គាត់បាននិយាយថាសម្លេងជួងនោះគឹសម្លេងដែលអង្គការដាស់ឲ្យប្រជាជនរៀបចំខ្លួនចេញទៅធ្វើការបន្ត។​ ​

ផាត រស់នៅដាច់ដោយឡែកពីម្ដាយរបស់ខ្លួន។ ផាត មិនមានសិទ្ធិក្នុងការមកលេងម្ដាយនោះឡើយ ប្រសិន​បើ​គ្មាន​ការអនុញ្ញាតពីអង្គការ។ ដូច្នេះរាល់ពេលដែល ផាតនឹកម្ដាយម្ដងៗ គាត់តែងតែសុំការអនុញ្ញាតពីអង្គការ។​ អង្គការតែងតែអនុញ្ញាតឲ្យទៅលេងម្ដាយក្នុងរយៈពេលមួយយប់ពីរថ្ងៃ។​

ផាត ក៏បានរៀបរាប់អំពីបទពិសោធន៍របស់ខ្លួនអំពីការព្យាបាលជំងឺដោយទាហានខ្មែរក្រហមផងដែរ។ ​គាត់ត្រូវបានពេទ្យខ្មែរក្រហមចាក់សេរ៉ូមដែលស្តុកទុកនៅក្នុងដូបទឹកក្រូច​ និង​ លេបថ្នាំអាចម៍​ទន្សាយ​។​ ផាត ត្រូវគេងសម្រាកនៅឯមន្ទីរពេទ្យរបស់អង្គការអស់រយៈពេលមួយខែ​។​

ផាត បាត់បង់សមាជិកទាំងអស់បីនាក់ដោយមិនដឹងថាមកពីមូលហេតុអ្វី។​ ក្រុមគ្រួសារ​របស់​គាត់រស់នៅបែកបាក់គ្នា។​

ផាត បានឃើញទាហានខ្មែរក្រហមចាប់ប្រជាជនយកទៅកសាងដោយសារតែការប្រព្រឹត្តិខុសក្រមសីលធម៌របស់អង្គការ ដូចជាការស្រឡាញ់ភេទដូចគ្នាជាដើម។​ ទាហានខ្មែរក្រហមក៏ចាប់ប្រជាជនទាំងនោះមកធ្វើជាគំរូ​នៅក្នុងការប្រជុំជាមួយមនុស្សជាច្រើន ហើយអ្នកទោសនោះត្រូវស្រែកថា “បងប្អូនអើយ កុំធ្វើតាមខ្ញុំ” មុនពេលដែល​​​អង្គការចាប់ទៅសម្លាប់។​

សម្ភាសន៍ដោយ ផា សុភាក់

អត្ថបទដោយ ហៀង​ នីតា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin