យ៉ែម សៀន៖ ស្លាប់រស់ឬឈ្នះចាញ់នៅក្នុងសមរភូមិពឹងលើអ្នកបកប្រែសារ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

យ៉ែម សៀន[1]​ ភេទ​ប្រុស​ អាយុ​​៦៥​ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​ ​ក្នុង​ភូមិ​​ដើមពោធិ៍​ ឃុំរមិញ​ ស្រុក​​កោះ​អណ្ដែត​ ខេត្ដ​តាកែវ។​​ បច្ចុប្បន្ន ​​ខ្ញុំ​រស់​នៅ​ក្នុង​ស្រុក​អន្លង់វែង​ ខេត្ដ​ឧត្ដរមានជ័យ។​ ​ខ្ញុំ​រៀន​សូត្រ​បាន​​តិច​តួច​​​ណាស់​ នៅ​ត្រឹម​​ថ្នាក់​ទី១២​ (ប្រព័ន្ធអប់រំ​សង្គម​ចាស់) ដោយ​សារ​តែ​​​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ ហើយ​ភូមិ​ឃុំ​របស់​​យើង​ចាប់​ផ្ដើម​បង្កើត​​ឲ្យ​មាន​​ចលនា​​តស៊ូ​ដើម្បី​ប្រឆាំង​ជា​មួយ​​ លន់ នល់។ ​ខ្ញុំ​មិន​ទាន់​យល់​ថា​ចលនា​បដិវត្ដន៍​​​គឺ​ជា​អ្វី​​នោះ​ទេ។​​ ​ខ្ញុំ​មិន​ទាន់​យល់​ដែរអំពី​ការ​​ចូល​ព្រៃ​ម៉ាគី​ កាល​ជំនាន់​នោះ​។​ ចាស់ៗ​តែង​តែ​និយាយ​​​អំពី​ចលនា​តស៊ូ​ចូល​ក្នុង​ព្រៃ​​ម៉ាគី។​

នៅ​ក្នុងឆ្នាំ​​១៩៧១ ​របប​ លន់ នល់ ​បាន​បង្កើត​​​ទាហាន​ស្វ័យ​ត្រាណ​នៅ​តាម​ភូមិ​ឃុំ។​​ កងទ័ព​ខ្មែរក្រហម​​បាន​ចូលធ្វើ​ការងា​រ​ជាមួយ​ប្រជាជន​ក្នុង​​ភូមិ​​នៅ​ពេល​​យប់​​ ហើយ​ជម្លៀស​ប្រជាជន​​ចេញ​តាម​​ស្រុក​​ព្រៃ​កប្បាស​​ទៅ​កាន់​ស្រុក​​ត្រាំកក់​​ ដើម្បី​ឲ្យ​​ប្រជាជន​​រួច​ផុត​​ពី​​តំបន់​​ខ្មាំង​​ទៅ​កាន់​តំបន់​រំដោះ។ ​ខ្មែរ​ក្រហម​ប្រាប់​​​ហេតុ​ផល​ថា ​ការ​ជម្លៀស​ប្រជាជន​បែប​នេះ​ដើម្បី​​សុវត្ថិភាព​​ ដោយសារតែ​ប្រជាជន​​អាចរង​ផល​​ប៉ះ​ពាល់នៅពេលមាន​​​ការ​​ប្រយុទ្ធ​​គ្នា​​ជាមួយ​ទាហាន ​លន់​ នល់។​​ យើង​បាន​ធ្វើ​ដំណើរ​​កាត់​ភ្លៀង​​ទាំង​កណ្ដាល​​យប់​អាធ្រាត្រ។​​ ​ខ្ញុំ​មិន​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​​គ្រួសារ​នៅ​ឯ​ផ្ទះ​ទេ។ ​ជាង​នេះ​ទៅ​ទៀត ​ដើម្បី​​រក្សា​បាននូវ​ស្មារតី​របស់​យើង​ ខ្មែរក្រហម​​មិន​ឲ្យ​យើង​ឃើញ​​ស្ថានភាព​​នៃ​​ការ​ស្លាប់​​របស់​​កងទ័ព​ និង​ប្រជាជន​​នៅ​មូលដ្ឋាន​​ខាង​ក្រោយ​ដែរ។​

​នៅក្នុង​​ឆ្នាំ​១៩៧៤​ ខ្មែរក្រហម​បាន​​រៀប​ចំ​​កម្លាំង​ក្នុង​ភូមិ​ឃុំ​ទៅ​ជា​​ក្រុម​​សាមគ្គី​​ធ្វើ​ស្រែ​​ប្រវ៉ាស់​ដៃ។​​ ​ពេល​នោះ ​ខ្ញុំ​ក៏​បាន​ចេញ​ពី​ផ្ទះ​ និង​ចូល​រួម​ក្នុង​​ចលនា​តស៊ូ​ខ្មែរក្រហម​។​ ខ្មែរក្រហម​តែង​តែ​ធ្វើមីទី្ទញ​​ហើយ​អំពាវ​នាវ​​ឲ្យ​យុវជន​ចូលរួម​ជា​កម្លាំង​​ដើម្បី​តស៊ូ​​ក្នុង​ចលនា​បដិវត្ដន៍។​ យុវជន​ដែល​មាន​ភាព​ក្លាហាន​បាន​​ឡើង​ប្ដេជ្ញា​ចិត្ដ​នឹង​តស៊ូ​ក្នុង​ចលនា​នេះ​ជា​បន្ដ​បន្ទាប់។​ ចំណែក​ឯ​យុវជន​​ដែល​មិន​ក្លាហាន​​ត្រូវ​បាន​​ខ្មែរក្រហម​ទិតៀន​ថា«​​កំសាក​ញី ​និ​ង​អន់​ជាង​ស្រី​ទៅ​ទៀត​»។​ ខ្ញុំ​បាន​​ចូល​ក្នុង​ចលនា​បដិវត្ដន៍​នេះ​ក៏​ដោយ​សារ​​ការ​​គេច​ពី​ពាក្យ​ទិតៀន ​ឬ​ភាព​អាម៉ាស់​នេះ​ដែរ។

​ដំបូង​ឡើយ ​ខ្ញុំ​បាន​​ចូល​ធ្វើ​ជា​កង​ឈ្លប​ភូមិ​របស់​ខ្មែរក្រហម។​​ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ ខ្មែរក្រហម​បាន​​បញ្ជូន​ខ្ញុំ​ទៅ​កង​ទ័ព​ស្រួច​​ក្នុង​តំបន់​តាកែវ​ ឬ​កង​នា​វា​ចរ​ (ស្ថិត​ក្នុង​ចំណុច​ក្រហាង​ ទល់​មុខ​ថ្ម​បី​ដុំ)។​ ​យើងបាន​រស់​​នៅ​​​ទីនោះមួយ​រយៈ។ ថ្នាក់​លើ​ក៏​បាន​ផ្លាស់​ខ្ញុំ​ទៅ​កាន់​សោម​តា​អូរ​ នៅ​ក្នុង​ស្រុក​គិរីវង់​ ដែល​ស្ថិត​ក្រោម​​ការ​គ្រប់​គ្រង​របស់​កង​អនុសេនា​ធំ​លេខ​​១៤។​​ កង​ទ័ព​របស់​យើង​​ដើរល្បាត​ និង​​យាម​នៅ​តាម​ព្រំដែន​​ជា​ប្រចាំ។​ នៅ​ទី​នោះ ​យើង​ប្រើ​ប្រាស់​ទូក​តូចៗ ​ដែល​អាច​​ជិះ​គ្នា​​៣​នាក់។ ​ទូក​ទាំង​នោះ​ធ្វើ​អំពី​ឈើ ​និង​ប្រើ​ច្រវា។​​ ​កង​កម្លាំង​របស់​យើង​មា​ន​ការ​កើន​ឡើង​ជា​លំដាប់។​ ​អង្គភាព​នីមួយៗ​​មាន​កម្លាំង​ពេញ។ កត្តានេះ​ផុសចេញ​ពី​​​កំហឹង​នៃ​ការ​​ឈឺ​ចាប់​របស់​​​ប្រជាជន នៅ​​​តាម​ទី​ជនបទ​​ស្រុក​ស្រែ​ចម្ការ ទាក់ទងនឹង​​សង្គ្រាម​​ឈ្លាន​ពាន។​​ កង​កម្លាំង​​ក្នុង​អង្គភាព​នីមួយៗ​មិន​សូវ​បាន​ហាត់​អំពី​យុទ្ធសាស្រ្ដ​កង​ទ័ព​ ​ដោយ​សារតែមាន​ភាព​​​បន្ទាន់​ខ្លាំង​ពេក។​ ​កង​កម្លាំង​ទាំ​ង​​អស់​ត្រូវ​ប្រឡូក​ក្នុង​សង្គ្រាម​ជាក់​ស្ដែង។​​ ខ្ញុំ​ផ្ទាល់​​បាន​​ចូល​ប្រឡូក​ក្នុង​សង្គ្រា​ម​​ផ្ទាល់​ ចាប់តាំងពីដំបូង។​  នៅ​ជំនាន់​នោះ ​យើង​បាន​​តស៊ូ​លំបាក​នៅ​ក្នុង​ព្រៃ។ តែ​​ទោះ​ជា​យ៉ាង​ណា​ ​ការ​​ហូប​ចុក​​មិន​សូវ​ជួប​ការ​លំបាក​​​ទេ។​​

​នៅ​ចន្លោះ​ឆ្នាំ​​១៩៧៥ និង១៩៧៦​ យើង​នៅ​ល្បាត​តាម​ព្រំដែន​​កម្ពុជា​​-វៀតណាម​​ ដែល​ស្ថិត​ក្រោម​អង្គភាព​​ត-២​នៃ​កង​ទ័ព​​ជើង​គោក។​​ នៅ​ពេល​នោះ​ យើង​​​ប្រើប្រាស់​​រប​ង​លួស​​នៅ​តាម​ព្រំដែន ។​ កង​ទ័ព​របស់​យើង​​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​​២៥០​ម៉ែត្រ​ពី​របង​លួស​បន្ទាត់​ព្រំដែន​។​ មុខ​សញ្ញា​ដែល​យើង​វាយ​គឺ​នៅ​ព្រៃ​រុ​ន ​ខាង​កើត​​​តាកែវ។​​ ទី​នោះគឺ​ជា​សមរភូមិ ​ដែល​ទាហាន​​ លន់ នល់ ​បាន​​លើក​ទង់​ស ដើម្បី​​សុំ​ចុះ​ចាញ់​ ក្រោយ​គេ ​តាំង​​ពី​បន្ទាយ​​​ជើង​ចាប​។​ នៅ​ពេល​នោះ ​ខ្ញុំ​​បាន​​ចូល​​បោស​​សម្អាត​នៅ​ក្រុង​​តាកែវ។​​​ ប្រជាជន​​ត្រូវ​បាន​​ជម្លៀស​​ទៅ​កាន់​​ស្រុក​​ត្រាំកក់​ ខេត្ដ​តាកែវ។ ​អតីត​ទាហាន​​ លន់ នល់​ បានបន្លំ​ខ្លួន​ស្លៀក​ពាក់​ស៊ីវិល​ទៅ​តាម​ប្រជាជន​។​​

​នៅ​ពេល​ទទួល​ជ័យ​​ជម្នះ​ក្នុង​ឆ្នាំ​​១៩៧៥​ ខ្ញុំ​​​មាន​មោទនភាពលើ​ខ្លួន​ឯង។ ​​ដូច្នេះ ​យើង​ចូល​រួម​​សប្បាយ​​ជាមួយ​នឹង​ជ័យ​ជម្នះ​នេះ។​​ ​ខ្ញុំ​​ចាប់​ផ្ដើម​​​ឮ​ឈ្មោះ​​តាម៉ុក​​ ឬ​តា១៥​ ​​ចាប់​ពី​ឆ្នាំ​​១៩៧៦។​ ​​នៅ​ពេល​នោះ ​យើង​ចាប់​ផ្ដើម​នាំ​គ្នា​លើក​ទំនប់​ជ្រ​លង​ទៀន​ នៅ​ស្រុក​កោះ​​អណ្ដែត​។​ ខ្ញុំ​យល់​ថា​ តាម៉ុក ​គឺជា​មនុស្ស​កាច​តែ​មាត់​ តែ​​ចិត្ដ​​​ល្អ។​​​ តាម៉ុក​បាន​ជួយ​មនុស្ស​ច្រើន​ណាស់ ​ដោយអ្នក​​ខ្លះ​ទទួល​បាន​រៀន​ជាង​ ហើយ​​ខ្លះ​ទៀតរៀន​​បើក​ឡាន។​

​នៅ​ឆ្នាំ​១៩៧៨​ ខ្ញុំ​​បាន​ផ្លាស់​​ទៅ ​ទី​ក្រុង​ភ្នំពេញ​​ ដើម្បី​ចូល​កង​ទ័ព​​ជើង​អាកាស។​​ ខ្មែរក្រហម​បាន​ប្រាប់​ថា ​មិត្ដៗ​ដែល​ធ្វើ​ល្អ​ត្រូវ​បាន​បក្ស​​ផ្ដល់​ការ​​ទុក​ចិត្ដ​​​ ហើយ​បាន​បំពាក់​​ខោអាវ​​ថ្មីៗ​ដល់​យើង។​​  ​ខ្មែ​រ​ក្រហម​គ្រាន់​តែ​ប្រាប់​យើង​ថា​​យើង​ចេញ​ពី​តំបន់​ឡើង​ទៅ​​មជ្ឈិម។​​ ​​ ​យើង​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​​បន្ទាយ​​ទាហាន​ប៉ារ៉ា​​នៅ​ពោធិ៍ចិន​​តុ​ង​។​ ទៅ​ដល់​ទី​នោះ​យើង​បាន​ឃើញ​​យោធាប្រមាណ​ជាង​​មួយ​ពាន់​នាក់​ដែល​បញ្ជូន​មក​ពី​គ្រប់​អង្គភាព​​។​ យើង​​រៀន​ផង​ និ​ង​ជួយ​បង្ក​បង្កើន​ផល​​ស្រូវ​​ជាមួយ​ប្រជាជន​​ផង​។​ កង​កម្លាំង​មួយ​ចំនួន​​កាប់​រណ្ដៅ​កប់​ខ្សែ​ភ្លើង​នៅ​ឯ​ព្រលាន​​យន្ដ​ហោះ​​ ឯ​កម្លាំង​មួយ​ចំនួន​ទៀត​​ត្រូវ​បោស​សម្អាត​ក្នុង​ទីក្រុង​ភ្នំពេញ។​​​ ក្រោយ​មក​ទៀត​ ខ្មែរ​ក្រហម​ចាប់​ផ្ដើម​ពិនិត្យ​សុខភាព​ ហើយ​បញ្ជូន​ខ្ញុំ​ទៅ​រៀន​​នៅ​ប្រទេស​​ចិន​​ ដើម្បី​រៀន​​បើ​ក​យន្ដ​ហោះ​​ចម្បាំង​​ធន់​​ប្រដេញ។​ ​កម្លាំង​​ដែល​មិន​បាន​ចេញ​ក្រៅ​ត្រូវ​រៀន​ពី​ការ​​​លោត​ឆ័ត្រ​​យោង​ និង​រៀន​រថក្រោះ​។​ ​​

​រហូត​ដល់​ឆ្នាំ​​១៩៨០​ ខ្ញុំ​បាន​​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​​វិញ​​ដោយ​ជិះ​កប៉ាល់​ទឹក​រយៈពេល​៧​យប់​៨​ថ្ងៃ ​​ដោយ​សារ​​សភាពការណ៍​ក្នុង​ប្រទេស​មាន​ការ​ផ្លាស់​ប្ដូរ។​ តាម​កាល​កំណត់​នៃ​ការ​រៀន​បើក​យន្ដ​ហោះ​ប្រភេ​ទ​នេះ​ត្រូវ​ការ​ពេល​​១​ឆ្នាំ​កន្លះ​ទៅ​២ឆ្នាំ។​ ​ប៉ុន្ដែ​​នៅ​ពេល​ខ្ញុំ​ទើប​តែ​រៀ​​​ន​បាន​​មួយ​ឆ្នាំ​អំពី​ទ្រឹស្ដី​ និង​គ្រឿង​បរិក្ខារ​មួយ​ចំនួន។​ ផ្នែក​របស់​ខ្ញុំ​គឺ​អ្នក​នាំ​សារ។​ មជ្ឈិម​បក្ស​កុម្មុយ​នីស្ដ​កម្ពុជា​បាន​​ឲ្យ​ដំណឹង​ថា ​កង​ទ័ព​វៀត​ណាម​​បាន​ចូល​ដណ្ដើម​កាន់​កាប់​ទី​ក្រុង​ភ្នំពេញ​ហើយ។​​ យ៉ាង​ណា​មិញ​ ប្រភេទ​យន្ដ​ហោះ​ប្រដេញ​ និង​ទម្លាក់​គ្រាប់​ដែល​ខ្ញុំ​ទៅ​រៀននៅ​​ក្នុង​ប្រទេស​របស់​យើង​មិន​ទាន់​មាន​ប្រើប្រាស់​នៅ​ឡើយអំឡុង​ពេល​ខ្មែរក្រហម​គ្រប់​គ្រង ។​​ ក្រោយ​មក​ យើង​ទទួល​ដំណឹង​ថា ​យន្ដ​ហោះ​ប្រភេទ​នេះ​នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​​ក្នុង​ឆ្នាំ​​១៩៧៩​។ ប៉ុន្ដែ​យើង​មិន​បាន​ឃើញ​ផ្ទាល់​ភ្នែក​ទេ។​​ ខ្ញុំ​គិត​ថា​​ ប្រសិន​បើ​យើង​រៀន​ចប់​ និង​មាន​យន្ដ​ហោះ​ ​​​ខ្មែរក្រហមអាច​គ្រប់​គ្រង​​សភាពការណ៍​​ទាន់​ពេល​វេលា​។

​​ដោយ​សារ​មាន​ការ​ផ្លាស់​ប្ដូរ​​សភាព​ការណ៍​បែប​នេះ ​ខ្ញុំ​បាន​​ចាប់​យក​ជំនាញ​តែ​មួយ​គត់​ គឺ​ទូរលេខ។ ​ខ្ញុំ​ប្រើប្រាស់​ជំនាញ​នេះ​​ដើម្បី​​ស្រង់​លេខ​ពី​អង្គភាព​ណា​មួយ​ដែល​ផ្ញើ​មក​។ ​បន្ទាប់​មក ​ខ្ញុំ​ត្រូវបាន​​បញ្ជូន​ទៅ​កាន់អង្គភាព​​​បក​ប្រែ ​ឬ​ផ្គុំ​លេខ​នោះ​ឲ្យ​ទៅ​ជា​អក្សរ​ ​ប្រយោគ​ និង​ឃ្លោង​ឃ្លា​ដែល​មាន​ខ្លឹម​សារ​រាយការណ៍​ពី​សភាពការណ៍​បែប​ណា​មួយ។ ​ប្រសិន​បើ​យើង​កត់​ខុស​តែ​មួយ​លេខ ​នោះ​ការ​បក​ប្រែ​ក៏​មាន​ការ​លំបាក​​ដែរ។​ ដើម្បី​ចៀស​វាង​ចំណុច​នេះ ​យើង​ស្ដាប់​ម្ដង​ហើយ​ម្ដង​​ទៀត​ប្រសិន​បើ​​ស្រពិច​ស្រពិល។ ​ការ​បញ្ជូន​សារ ​និង​ឆ្លង​កាត់​ភាព​​សាំ​ញ៉ាំ​បែប​នេះ ​ប្រាកដ​ជា​មាន​ភាព​យឺត​យ៉ាវ​ក៏​ពិត​មែន​ ប៉ុន្ដែ​​លាក់​ការណ៍​​សម្ងាត់​បាន​ល្អ​ណាស់​​។ យើង​ទទួល​ពី​អង្គភាព​មួយ​ទៅ​អង្គភាព​មួយ​​ជា​ភាសា​សត្វ​ ហើយ​​ឆ្លង​កាត់​ការ​បក​ប្រែ​ទៅ​អក្ស​រ​ដែល​មាន​ខ្លឹម​សារ។​ ស្លាប់​រស់​ឬ​​ឈ្នះ​ចាញ់នៅក្នុង​សមរភូមិ​ពឹង​​លើ​អ្នក​បក​ប្រែ​សារ​តែ​ម្ដង»៕​​​

អត្ថបទដោយ សួត វិចិត្រ


[1] សួត វិចិត្រ​ សម្ភាសន៍​ជាមួយ​ យ៉ែម សៀន នៅក្នុងឃុំ​ត្រពាំង​ប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ នាថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin