យ៉េង យឿន ៖ សមាជិកកងធំ២០០ វរសេនាតូច២២៥ វរសេនាធំ១៥២ តំបន់២២

ខ្ញុំឈ្មោះ យ៉េង យឿន[1] អាយុ២៦ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧ មិនទាន់មានគ្រួសារទេ មានទីកន្លែងកំណើតនៅភូមិតាគាត់ ឃុំជៃធំ ស្រុកខ្សាច់កណ្ដាល តំបន់២២ ភូមិភាគបូព៌ា(២០៣)។ ឪពុកខ្ញុំ ឈ្មោះ ប៉ុន យ៉េង និង ម្ដាយ ឈ្មោះ សោម ខាន់ អ្នកទាំងពីរបានស្លាប់។ ខ្ញុំមានបងប្អូនចំនួន៤នាក់ គឺប្រុស៣នាក់ និងស្រីម្នាក់។ នៅក្នុងចំណោមបងប្អូន៤នាក់ ចូលបដិវត្តន៍ចំនួន២នាក់ និងចំនួន២នាក់ទៀត រស់នៅក្នុងសហករណ៍។
ខ្ញុំចូលបដិវត្តន៍ដំបូងឡើយ ធ្វើជាឈ្លបនៅឃុំជៃធំ ស្រុកខ្សាច់កណ្ដាល ដោយមានអ្នកទទួលខុសត្រូវឈ្មោះ ស្រ៊ុន គឺជាប្រធានឃុំ។ បន្ទាប់មកខ្ញុំធ្វើជាយោធាស្រុកខ្សាច់កណ្ដាល ដោយមានអ្នកទទួលខុសត្រូវឈ្មោះ ឆាយ គឺជានយោបាយកងធំ។ ឆាយ បានអប់រំខ្ញុំលើកឡើងថា សព្វថ្ងៃមានការលំបាកណាស់ ធ្វើសង្រ្គាមជាមួយអាមេរិក ឃើញមានខ្វះសព្វគ្រប់ យន្តហោះគ្មាន រថក្រោះគ្មាន កាំភ្លើងតូចធំមិនសម្បូរ គ្រាប់រំសេវខ្វះខាត ថ្នាំពេទ្យមិនសម្បូរ ស្លៀកពាក់ក៏ខ្វះខាត ហូបមិនឆ្អែត ធ្វើការគ្មានពេលសម្រាក។ ក្រោយពីក្ដាប់មតិណែនាំរបស់ ឆាយ ជាបន្តបន្ទាប់ខ្ញុំបានសម្រេចចិត្តយល់ស្រប និងឯកភាពជាមួយ ឆាយ ទាំងអស់។ ក្រោយមក ឆាយ ហៅខ្ញុំទៅបញ្ចូនជាសមាជិក សេ-អ៊ី-អា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៧៣ វេលាម៉ោង ៩ដល់ ម៉ោង១០យប់ នៅភូមិខ្នុរដូង ឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ក្រោយពីទទួលផែនការអប់រំពី ឆាយ ខ្ញុំយកមកអនុវត្តន៍ជាក់ស្ដែងគឺ បំផុសយុវជនឱ្យបាញ់សេរី មានទំនាស់ក្នុងជួរបដិវត្តន៍ បំផុសយុវជនឱ្យខ្លាចសមរភូមិ បំផុសយុវជន និង យុវនារីឱ្យខូចសីលធម៌, ពេលទៅធ្វើការកន្លែងខ្សែត្រៀមជាបន្តបន្ទាប់ នៅសមរភូមិបាក់ខែ បាននាំមិត្តយើងជាន់មីន ធ្វើឱ្យពលីម្នាក់ និងរបួសម្នាក់។
បន្ទាប់មកខ្ញុំមកនៅអង្គភាព១៥២ ប្រចាំតំបន់២២ ដោយមានអ្នកទទួលខុសត្រូវឈ្មោះ ស៊ីម គឺជានយោបាយវរសេនាធំ។ តែមុនពេលខ្ញុំទៅអង្គភាព១៥២ ឆាយ បានប្រគល់ខ្ញុំឱ្យឈ្មោះ នួន នៅវរសេនាតូច២៣៣ ដើម្បីបន្ដសកម្មភាពបន្តទៀតពីព្រោះ ឆាយ ត្រូវអង្គការដកទៅកងផ្សេង។ ពេលខ្ញុំមកនៅអង្គភាព១៥២ មុនដំបូងខ្ញុំមិនហ៊ានធ្វើសកម្មភាព និងទាក់ទងអ្វីទេព្រោះខ្ញុំក្ដាប់សភាពការណ៍មិនទាន់បាន។ លុះក្រោយមក នួន គឺជាលេខាវរសេនាតូច២៣៣ វរសេនាធំ១៥២ បានមកទាក់ទងខ្ញុំ សួរពីកម្លាំងដែលខ្ញុំកសាងបាន។ នួន ប្រាប់ថាកសាងកម្លាំងសំដៅ មើលយុទ្ធជនណាមានធាតុសេរីច្រើន និងជំហរឃ្លីងឃ្លោងច្រើន តែត្រូវប្រយ័ត្នកុំឱ្យបែកការណ៍ ហើយត្រូវបង្កស៊ីរូងផ្ទៃក្នុងបដិវត្តន៍ និងធ្វើសកម្មភាពប្រឆាំងស្របច្បាប់រង់ចាំមើលឱកាសល្អចាំចេញមុខ។ ថ្ងៃក្រោយមក នួន ហៅខ្ញុំទៅប្រជុំទទួលផែនការថ្មីចំនួន៣លើកគឺ៖ នៅលើកទីមួយនៅព្រែកតាមាក់ នៅខែឧសភា ឆ្នាំ១៩៧៤, លើកទីពីរ នៅភូមិអំពិលទឹក ស្រុកមុខកំពូល នៅខែកក្កដា ឆ្នាំ១៩៧៤ និង លើកទីបី នៅភូមិបាក់ខែ ស្រុកមុខកំពូល ក្នុងខែកុម្ភៈ ឆ្នាំ១៩៧៤។ ចំណែកខ្លឹមសារប្រជុំគឺចាំមើលកងទ័ពចេញទៅប្រយុទ្ធយើងត្រូវធ្វើយ៉ាងណាឱ្យខ្មាំងដឹងខ្លួនជាមុន, ត្រូវខិតខំប្រមូលគ្រាប់ជ័យភណ្ឌ ទុកឱ្យបានច្រើនដើម្បីត្រៀមផែនការ, ត្រូវខិតខំបន្តកសាងកម្លាំង,បំផ្លាញកម្លាំងបដិវត្តន៍ បំផ្លាញកាំភ្លើងគ្រាប់រំសេវ កន្លែងទ័ពបោះទីតាំង,រង់ចាំស្ទាក់បាញ់អ្នកដែលដឹកជញ្ជូនគ្រាប់រំសេវ និងស្បៀងអាហារឱ្យសមរភូមិ។ ពេលប្រជុំទទួលផែនការនេះមានឈ្មោះ ចេង យោធាកងធំ ២០៤ វរសេនាតូច២២៤ វរសេនាធំ១៥២ ប្រចាំតំបន់២២, ឈ្មោះ យុត យោធា២០៦ , ប៊ុន លាង យោធា២០៥, និង ថន ពេទ្យ២០៥។ បន្ទាប់ពីខ្ញុំទទួលផែនការពី នួន ហើយខ្ញុំបានយកមកអនុវត្តន៍ជាក់ស្ដែង បំផុសឱ្យយុទ្ធជន ទំនាស់នឹងគ្នារត់ទៅផ្ទះ, បំផុសឱ្យយុវជនដើរហើរសេរី និង ដើរលួចសម្ភារសមូលហភាព។ ក្រោយមកទៀតអង្គការបានផ្លាស់អង្គភាព១២៥ ប្រចាំតំបន់២២ មកនៅក្រោមការដឹកនាំរបស់សេនាធិការវិញ។ ចំណែកខ្ញុំត្រូវអង្គការដកចេញពីអង្គភាព វរសេនាតូច២៣៣ មកអង្គភាពវរសេនាតូច២២៥។ ខ្ញុំមកនៅអង្គភាព វរសេនាតូច២២៥ មិនដំបូងខ្ញុំមិនមានសកម្មភាពអ្វីទេ ព្រោះមិនទាន់ក្ដាប់សភាពការណ៍បាន។ លុះបានរយៈពេល១ខែជាង ឈ្មោះ ស្រ៊ាន នាទីលេខាវរសេនាតូច ២២៥ វរសេនាធំ១៥២។ ក្រោយមក ស្រ៊ាន បានអប់រំខ្ញុំចូល សេ-អ៊ី-អា ដូចបងៗលើកមុនដែរ។ នៅខែកុម្ភៈ ឆ្នាំ១៩៧៦ ខ្ញុំចូល សេ-អ៊ី-អា ម្ដងទៀត ទីកន្លែងនៅត្រើយខាងកើត ខាងត្បូងស្ពានជ្រោយចង្វា ចម្ងាយ៥០០ ម៉ែត្រ មានស្រ៊ាន ប្រធានអង្គភាពប្រជុំ,ឈ្មោះ រី អនុលេខា វរសេនាតូច២២៥ និង ឈ្មោះ ឡេង សមាជិកវរសេនាតូច២២៥ គឺជាអ្នកទទួលស្គាល់។ អ្នកចូលជាមួយខ្ញុំ កាលនោះមាន ១). ប៊ុន លី នយោបាយ កងធំ វរសេនាតូច១៥២, ២). សារឿន សមាជិក កងធំ ២០៥ វរសេនាតូច ២៣៣ វរសេនាធំ ១៥២, ៣). ផល គឺជាយុទ្ធជន វរសេនាតូច២៣២ វរសេនាធំ១៥២, ៤). សារិត អង្គភាពរោងជាង, ៥). លីម យុទ្ធជនរោងជាង, ៦). អឿន ពេទ្យ កងធំរោងជាង, ៧). ធី នាទីលេខាកងធំ វរសេនាធំ ១៥២, ៨). ខ្ញុំ(យ៉េង យឿន)។ ក្រោយមក ស្រ៊ុន បានប្រជុំដាក់ផែនការឱ្យខ្ញុំអនុវត្តន៍ ដោយប្រជុំលើកទី១ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧៦ នៅផ្លូវកែងអាងទឹកជ្រោយចង្វា និង លើកទី២ នៅខែតុលា ឆ្នាំ១៩៧៦ នៅខាងកើតស្ពានជ្រោយចង្វា។ ខ្លឹមសារគឺបំផុសយុទ្ធជនឱ្យបំផ្លាញសម្ភារកសិកម្មរបស់អង្គការគ្រប់មុខ, ត្រូវកសាងកម្លាំង សេ-អ៊ី-អា ឱ្យបានពីរនាក់ទៅ៣នាក់ក្នុងរយៈពេល១ខែ, បំផុសយុវជនឱ្យប្រឆាំងមាគ៌ាសារាចរផ្សេងៗដែលបក្សដាក់ចុះ ហើយលើកពាក្យស្លោកថាធ្វើស្រែប្រវាស់និងមេឃស៊ីបាយ ធ្វើស្រែប្រវាស់និប្រឡាយស៊ីបបរ។ ខ្ញុំនៅអង្គភាព១៥២ រហូតដល់អង្គការចាប់ខ្លួនខ្ញុំនិងសួរចម្លើយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៧៧។
អត្ថបទដោយ ដារ៉ារដ្ឋ មេត្តា
[1] ឯកសារលេខ J០០៤៥៣ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ឈ្មោះ យ៉េង យឿន» សរសេរជាអង្គលីលេខចំនួន២៤ទំព័រ។ កំណត់សម្គាល់ៈ ចម្លើយសារភាពរបស់អ្នកទោសទាំងអស់សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំនិងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះយើងមិនអាចសន្និដ្ឋានបានថាចម្លើយសារភាពរបស់ យ៉េង យឿន ពិតឬយ៉ាងណានោះទេ?