របបខ្មែរក្រហមឃោរឃៅណាស់

(ព្រៃវែង) ៖ យ៉េត យាន មានអាយុ៦៥ឆ្នាំ សព្វថ្ងៃជាមេភូមិ រស់នៅភូមិសង្រ្គោះ ឃុំស្វាយភ្លោះ ស្រុកពាមជ័រ ខេ​ត្តព្រៃវែង។ គាត់មានបងប្អូន១១នាក់ ស្លាប់ក្នុងរបបខ្មែរក្រហមម្នាក់។

នៅក្នុងរបបខ្មែរក្រហម យាន មានអាយុប្រហែលជា១៦ឆ្នាំ។ គាត់រស់នៅ និងធ្វើការនៅក្នុងកងចល័ត ត្រូវធ្វើការជីកទំនប់ និងលើកប្រឡាយនៅឆ្ងាយៗពីកន្លែងស្នាក់នៅ។ យានបាន​បន្តថា គាត់ធ្វើការងារគ្មានពេលសម្រាកតាំងពីព្រលឹមរហូតដល់​យប់ ចំណែករបបអាហារវិញទទួល​បានមិនគ្រប់គ្រាន់គឺមានតែបបរមួយថ្ងៃពីរវែក។ គាត់រៀបរាប់ទៀតថា ក្នុង​របបនោះគាត់មិនអាចរស់នៅជួបជុំជាមួយឪពុកម្តាយបានទេ គឺបានតែមកលេងយូរៗម្តងប៉ុណ្ណោះ ពេលអង្គការអនុញ្ញាត។

នៅក្នុងរបបខ្មែរក្រហមគាត់ធ្លាប់ឃើញខ្មែរក្រហមធ្វើទារុណ​កម្ម និងសម្លាប់មនុស្សដោយចាក់ពោះខាងស្តាំដើម្បីយកប្រមាត់។ ពេលឃើញហើយគាត់មានការភិតភ័យជាខ្លាំង និងមិនហ៊ានប្រាប់អ្នកផ្សេងអំពីហេតុការណ៍នោះទេ ព្រោះខ្លាចអង្គការយកទៅសម្លាប់ចោល​។ យាន គិតក្នុងចិត្តថា បើពេលនោះខ្មែរក្រហម បានដឹងថាគាត់ឃើញហេតុការសម្លាប់មនុស្សនេះ គាត់នឹងត្រូវស្លាប់ជាក់ជាមិនខាន។ គាត់និយាយថា របបខ្មែរក្រហមជារបបមួយសាហាវឃោរឃៅណាស់ ដោយសម្លាប់មនុស្សគ្មាន​កំហុស និងមិនបានជំនុំជម្រះអ្វីទាំងអស់។

នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានបង្ខំ យាន ឲ្យចូលធ្វើទាហានដើម្បីធ្វើសង្រ្គាមជាមួយវៀតណាម នៅព្រំដែនស្ថិតនៅស្រុករមាសហែក ខេត្តស្វាយរៀង។ នៅពេលនោះគាត់ស្ទើរតែបាត់បង់ជីវិតដោយសារតែគ្រាប់បែករបស់ទាហាន​វៀតណាមបានបោះចូល​ក្នុង​រណ្តៅត្រង់សេដែលគាត់ និងទាហានបីនាក់ទៀតកំពុង​តែពួនគេច។ ជាសំណាងល្អដោយជីវិតមិនទាន់អស់ទើបគាត់អាចរត់គេចនៅពេលនោះបាន។

ខែមករា ឆ្នំា១៩៧៩ មានការប្រយុទ្ធគ្នានៅតំបន់អ្នកលឿង ខេត្តព្រៃវែង រវាងកងទ័ពវៀតណាម និងទាហានខ្មែរក្រហម។ ទាហានខ្មែរក្រហមបានចុះចាញ់ និងរត់គេចខ្លួន។ យាន ក៏ត្រឡប់មករស់នៅស្រុកកំណើតវិញប្រកបរបបធ្វើស្រែ និងក្រោយមកធ្វើជាមេភូមិរហូតដល់សព្វថ្ងៃ។

បច្ចុប្បន្ន យាន មានជំងឺលើសសម្ពាធឈាម។ គាត់តែងប្រើប្រាស់ថ្នាំជាប្រចាំ។

សម្ភាសន៍ដោយ ហេង ស្រីអូន ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ  អេង សុខម៉េង ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin