លេខាឃុំថ្មី ស្រុកក្រចេះ

ភ្លឿន យីម ភេទប្រុស ជាលេខាឃុំថ្មី កើតឆ្នាំ១៩៣២ បាត់ខ្លួន[1]។ មជ្ឈមណ្ឌលឯកសារកម្ពុជាជួបសម្ភាសជាមួយឈ្មោះ សាត សាន អាយុ៦០ឆ្នាំ ត្រូវជាប្រពន្ធ។ យីម មានឪពុកឈ្មោះ ភ្លឿន, ម្ដាយឈ្មោះ ទេស និងមានបងប្អូនបង្កើតចំនួនដប់នាក់ (ស្រីបួននាក់)។
យីម មានស្រុកកំណើតនៅភូមិថ្មី ឃុំថ្មី ស្រុកក្រចេះ ខេត្ដក្រចេះ។ យីម ធ្លាប់បួសរៀនជាព្រះសង្ឃ និងទទួលបានសញ្ញាបត្រសាលាបាលី ធម្មវិន័យ និងធ្លាប់ធ្វើជាគ្រូបង្រៀននៅសាលាវត្តអន្ទង់វៀន រយៈពេលប្រមាណពីរឆ្នាំ។ បន្ទាប់ពីឈប់បង្រៀនដោយសារប្រទេសជាតិមានសង្រ្គាម យីម បានត្រលប់មកផ្ទះជួយការងារធ្វើស្រែចម្ការ ឪពុកម្ដាយ នៅស្រុកកំណើតវិញ។
យីម បានរៀបការប្រពន្ធក្នុងរបបសង្គមរាស្រ្តនិយម។ នៅខែមីនា ឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដច ព្រះនរោត្តម សីហនុ នៅពេលនោះ យីម និងប្រពន្ធមានកូនចំនួនបួននាក់រស់នៅស្រុកកំណើត។ ប្រពន្ធយីម និយាយថា ក្រោយរដ្ឋប្រហារប្រទេសជាតិចលាចល កើតមានបាតុកម្ម ហើយសាលារៀនត្រូវបិទទ្វារ។ ចំណែក លោកគ្រូ-អ្នកគ្រូ មួយចំនួនបាននាំគ្នាធ្វើបាតុកម្មទាមទារអំណាចថ្វាយសមេ្ដច ព្រះនរោត្តម សីហនុ ដើម្បីដឹកនាំប្រទេសវិញ។
បាតុករត្រូវបានទាហាន លន់ នល់ បាញ់កាំភ្លើងបង្ក្រាប ធ្វើឲ្យមានបាតុករស្លាប់, រងរបួស និងមួយចំនួនបានរត់ចោលផ្ទះសម្បែង។ កាលណោះក្នុងភូមិចាប់ផ្តើមកើតមានចលនាតស៊ូបដិវត្តន៍ខែ្មរក្រហមដោយមានយុវជន-យុវនារី យ៉ាងច្រើនបានទៅចូលរួម ដែលមានទាហានវៀតកុង (វៀតណាមខាងជើង) ជួយគាំទ្រ។ ពីមួយថ្ងៃទៅមួយថ្ងៃប្រជាជនកាន់តែច្រើនឡើងៗបានចេញពីផ្ទះទៅចូលរួមមានជាមួយខ្មែរក្រហមដែលបោះទីតាំងរបស់ខ្លួនក្នុងព្រៃ។ នៅខែមករា ឆ្នាំ១៩៧១ យីម និងប្រពន្ធ បានស្ម័គ្រចិត្ដចូលបម្រើចលនាតស៊ូបដិវត្តន៍ខែ្មរក្រហមដោយសម្ងាត់ តាមរយៈ ឈ្មោះ យ៉ែម និងឈ្មោះ គួន ដែលជាគណៈតំបន់[2]។ យីម និងប្រពន្ធ ចូលរួមនៅពេលនោះមិនទាន់ហ៊ានចេញមុខចេញមាត់អ្វីនោះទេ ព្រោះខ្លាចរបប លន់ នល់ ដែលតាមឃ្លាំមើលធ្វើបាប។ ក្រោយមក យីម និងប្រពន្ធ ត្រូវបានយ៉ែម និងគួន ចាត់តាំងជាសម្ងាត់ឲ្យដើរឃោសនាអូសទាញប្រជាជនក្នុងភូមិ-ឃុំ ដើម្បីចូលរួមជាមួយខ្មែរក្រហម ហើយបន្ទាប់មកប្រពន្ធយីម ត្រូវបានអង្គការចាត់តាំងឲ្យធ្វើជាប្រធានពួក ដែលមានតួនាទីដឹកនាំនារីៗ ធ្វើស្រែចម្ការ ក្នុងសហករណ៍ភូមិថ្មី។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបខែ្មរក្រហមឡើងកាន់អំណាចនៅទូទាំងប្រទេស និងបានបញ្ចប់រាល់ការជ្រៀតជ្រែកពីបរទេស និងសង្គ្រាមស៊ីវិលរវាងខ្មែរនឹងខ្មែរ[3]។ យីម ត្រូវបានអង្គការចាត់តាំងឲ្យធ្វើជាប្រធានសហករណ៍ភូមិថ្មី ហើយបន្ទាប់មកធ្វើជាគណៈឃុំថ្មី។ ការងាររបស់យីម នៅពេលនោះគឺទាក់ទងយ៉ាងជិតស្និតជាមួយកម្មាភិបាលថ្នាក់តំបន់ ហើយមួយខែ ឬបីខែម្តងទើបគាត់ បានមកលេងផ្ទះ។ ក្រោយមកអង្គការបានផ្លាស់ប្តូរ យីម និងគ្រួសារឲ្យទៅរស់នៅឃុំសំពោច។ នៅចុងឆ្នាំ១៩៧៨ វេលាម៉ោង ៩យប់ កងឈ្លបខ្មែរក្រហមមួយក្រុមបានមកហៅ យីម ដោយប្រាប់ថាអង្គការស្នើជួប ចាប់ពីពេលនោះបាត់ដំណឹងរហូត។
យោងតាមឯកសារពិនិត្យប្រវត្តិរូបបដិវត្តន៍ I04704 របស់ សមមិត្ត យីម បញ្ជាក់ថាគាត់កើតក្នុងឆ្នាំ១៩៣២ នៅខេត្តក្រចេះ។ យីម មានវណ្ណៈភាពដើមមុនចូលបដិវត្តន៍ជាកសិករថ្នាក់កណ្តាល ហើយនៅឆ្នាំ១៩៧១ បានចូលបក្សបដិវត្តន៍ដោយសារមានការឈឺចាប់ពីការជិះជាន់របស់វណ្ណៈនាយទុនសក្តិភូមិមកលើប្រជាជនក្រីក្រ។ ចន្លោះពីឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៦ យីម ត្រូវបានចាត់តាំងជាលេខាសាលាឃុំថ្មី។ កម្រិតវប្បធម៌ក្នុងសង្គមចាស់ យីម ធ្លាប់បួសជាព្រះសង្ឃបានប្រាំវស្សា, មានសញ្ញាបត្រភាសាបាលីរងមួយច្បាប់, សញ្ញាបត្រធម្មវិន័យមួយច្បាប់, សាលាអនុវត្តន៍មួយច្បាប់ និងធ្លាប់បង្រៀនកុមារនៅសាលាក្នុងវត្តអន្ទង់វៀន រយៈពេលពីរឆ្នាំ។ យីម ធ្លាប់ចូលរួមរៀនសូត្រវិជ្ជាបដិវត្តន៍បានចំនួនដប់ដង និងឆ្លងកាត់ការធ្វើប្រវត្តិរូបជីវទស្សនៈបដិវត្តន៍ជាច្រើនដង។ អត្តចរិតរបស់យីម គឺចិត្តស្រាល, សោះអង្គើយ, ការងារខ្លាចគេ និងការនិយាយស្តីពុំសូវហ៊ានក្នុងការទិតៀនកសាងគ្នា។ ឯកសារដដែលសរសេរបន្តថា នៅរយៈពេលកន្លងមក យីម បានកែប្រែអត្តចរិតខាងលើ ដោយជម្រះចិត្តស្រាល, សោះអង្គើយ, ហ៊ានមានមតិក្នុងអង្គប្រជុំ និងទិតៀនកសាងការខុសឆ្គងផ្សេងៗក្នុងសាលាបក្ស។ យីម យល់ឃើញថាការកែប្រែនេះទទួលបានផលរីកចម្រើនផ្ទាល់ខ្លួន, នយោបាយបដិវត្តន៍, សតិអារម្មណ៍ និងអត្តចរិត បំពេញភារកិច្ចតូចធំដែលបក្សប្រគល់ឲ្យបានល្អប្រសើរ។ ក្នុងប្រវត្តិរូបបដិវត្តន៍ក៏បញ្ជាក់ពីព័ត៌មានរបស់ប្រពន្ធ និងកូន។ ប្រពន្ធយីម គឺអង្គការចាត់តាំងជាប្រធានពួក ដឹកនាំនារីក្នុងសហករណ៍ភូមិថ្មី ហើយគាត់មានកូនបួននាក់ (ស្រីម្នាក់) ក្នុងនោះពីរនាក់ដែលមានអាយុ១៦ឆ្នាំ និង១៩ឆ្នាំ (ឆ្នាំ១៩៧៧) ជាកងឈ្លបឃុំ និងជាពេទ្យឃុំ។
ក្នុងឯកសារពិនិត្យប្រវត្តិរូបបដិវត្តន៍ក៏បានបញ្ជាក់ពីសាច់ញាតិដូចជាឪពុកម្តាយ, ឪពុកម្តាយក្មេក និងបងប្អូន ដែលបញ្ជាក់ថាសាច់ញាតិទាំងអស់គ្មានជាប់ខ្សែរយៈក្បត់។ ប៉ុន្តែ យី[4] ដែលជាថ្នាក់លើរបស់ខ្លួនយល់ឃើញថា យីម មានជំហរខាងនយោបាយ, បដិវត្តន៍មិនខ្លាំង, អនុវត្តន៍មាគ៌ាយឺតយ៉ាវ, អភិរក្ស និងមិនសូវចង់ក្រែប្រែ។
នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនជាបន្តបន្ទាប់[5]។ សានដែលជាប្រពន្ធយីម បាននាំកូនធ្វើដំណើរមករស់នៅស្រុកកំណើតវិញ ប៉ុន្តែមិនឃើញ យីម ជាប្តីត្រលប់មកវិញរហូតដល់បច្ចុប្បន្ន។ សាន ជាប្រពន្ធបានគិតថា យីម ជាប្តីត្រូវបានសម្លាប់បន្ទាប់ពីកងឈ្លបមួយក្រុមនាំទៅទាំងយប់ នៅអំឡុងចុងរបបខ្មែរក្រហម៕
អត្ថបទដោយ អេង សុខម៉េង
[1] ឯកសារ KRI0015, ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៦, សម្ភាសដោយ ឆាយ ណារឿន ជាមួយ សាត សាន អាយុ៦០ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅ ភូមិថ្មី ឃុំថ្មី ស្រុកក្រចេះ ខេត្តក្រចេះ ចំនួន ៤៤ទំព័រ។
[2] ឯកសារ I04704, ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៧៧, ឯកសារពិនិត្យប្រវត្តិរូបបដិវត្តន៍ សមមិត្ត យីម, ចំនួន២៤ទំព័រ
[3] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធផ្សេងទៀត ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) (ភ្នំពេញ)៖ មជ្ឈមណ្ឌលឯកសារកម្ពុជា), ទំព័រ១៤។
[4] ឯកសារ J00829 “ចម្លើយសារភាពរបស់ យី ឈ្មោះដើម ប៊ន ណាន ជាលេខាតំបន់៥០៥ មានអាយុ៣៩ឆ្នាំ នៅឆ្នាំ១៩៧៨។ យី ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៨ ដោយចោទថាជាចារកម្ម”។
[5] ឃួន វិច្ឆិកា និងអ្នកនិពន្ធផ្សេងទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ២០២៥, ទំព័រ៤១។