យឹម ហឿន៖ ខំរត់ដល់ប្រទេសវៀតណាមតែត្រូវបញ្ចូនត្រឡប់មកវិញ

ខ្ញុំឈ្មោះ យឹម ហឿន[1] អាយុ២៨ឆ្នាំ គិតត្រឹមឆ្នាំ១៩៧៧ មិនទាន់មានគ្រួសារទេ។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិអំពិល ឃុំពញាលៀង ស្រុកកោះជ័យ តំបន់២៤ ភូមិភាគបូព៌ា(២០៣)។ ឪពុកខ្ញុំឈ្មោះ យឹម ហម និង ម្ដាយឈ្មោះ អុច ឌឿង។ នៅឆ្នាំ១៩៦២ ខ្ញុំអាយុ១៣ឆ្នាំ រៀននៅសាលាវត្តដូនស្ដៅបានរយៈពេល៣ឆ្នាំខ្ញុំឈប់រៀនត្រឡប់មកនៅផ្ទះវិញ។ នៅឆ្នាំ១៩៦៩ ខ្ញុំអាយុ២០ឆ្នាំ ម្ដាយមីងឈ្មោះ សេង យកខ្ញុំទៅភ្នំពេញជួយលក់បន្លែនៅផ្សារបឹងត្របែកបានរយៈពេល១ខែ។ ក្រោយមកឪពុកខ្ញុំតាមយកខ្ញុំទៅស្រុកវិញ។ ខ្ញុំនៅស្រុកកំណើតរកស៊ីរត់ពន្ធជ្រូក មាន់ ទៅលក់នៅព្រំដែន ម្ដុំទួលលោកយាយ។
នៅខែឧសភា ឆ្នាំ១៩៧០ ខ្ញុំចូលធ្វើទ័ពវៀតណាមបានរយៈពេល២ខែ ខ្ញុំមកចូលរួមនៅអង្គភាពស្រុកកោះជ័យ តំបន់២៤ ជាមួយឈ្មោះ ងួន ពេញ កងតូចដែលពីមុនធ្លាប់រត់ពន្ធជាមួយគ្នា។ ក្រោយមក ងួន ពេញ និងខ្ញុំបានទាក់ទងគ្នាជិតស្និទ្ធ។
នៅខែកក្កដា ឆ្នាំ១៩៧១ ងួន ពេញ ហៅខ្ញុំទៅអប់រំពីការធ្វើបដិវត្តន៍ ដោយបានលើកអំពីសិទ្ធិសេរីភាព និងរបបបដិវត្តន៍។ ចំណែកភារកិច្ចដែល ងួន ពេញ ប្រគល់ឱ្យខ្ញុំធ្វើមាន៖ ឃោសនាប្រឆាំងបដិវត្តន៍,កសាងកម្លាំងក្បត់ បំផ្លាញអង្គការបដិវត្តន៍គ្រប់រូបភាព។ នៅឆ្នាំ១៩៧២ អង្គភាពខ្ញុំឡើងជាអង្គភាពតំបន់២៤។ ពេលនោះ ងួន ពេញ នាំឱ្យខ្ញុំស្គាល់ ខៀវ ម៉ា អនុសេនាកងធំ អង្គភាពជាមួយ ពេញ, នង សាមាន សមាជិកកងធំ និង ជា សាន កងតូច។
នៅឆ្នាំ១៩៧៣ ងួន ពេញ និង ខៀវ ម៉ា ហៅខ្ញុំមកប្រជុំនៅភូមិពញាលៀង ដោយបានប្រាប់ពីខ្សែបក្ខពួក។ បន្ទាប់ពីបានស្គាល់បក្ខពួកហើយ ងួន ពេញ បានយកត្រាក់ (ខិត្តប័ណ្ណ) ប្រហែល១០០សន្លឹកមកឱ្យខ្ញុំទៅបាចនៅភូមិតាហេល និងក្បែជំរំកងទ័ពនៅភូមិវាលល្បង។ នៅខែកក្កដា ឆ្នាំ១៩៧៣ វេលាម៉ោង ១០យប់ ខ្ញុំបានអនុវត្ត ផែនការបាចត្រាក់ (ខិត្តប័ណ្ណ) នោះដោយធ្វើជាជិះកង់អ្នកដំណើរទ័ពមានការទៅមកផ្ទះប្រជាជន។ ចំណែកខ្លឹមសារត្រាក់(ខិត្តប័ណ្ណ)នោះខ្ញុំចាំមិនច្បាស់ទេ គ្រាន់តែដឹងថាឃោសនាបំផុសប្រជាជន និងកងទ័ពឱ្យចុះញ៉មចរចាឈប់បាញ់ សម្របសម្រួលគ្នាដោយយកវៀតណាមជាឧទាហរណ៍។ រីឯលក្ខណៈក្រដាសត្រាក់(ខិត្តប័ណ្ណ)នោះសរសេរដោយដៃលើក្រដាសសៀវភៅ។ ខណៈពេលនោះមានសភាពការណ៍បេ៥២ ទម្លាក់ពីយន្តហោះ ខ្លាំងធ្វើឱ្យប្រជាជនជ្រួលច្របល់។
នៅឆ្នាំ១៩៧៤ ខ្ញុំមាននាទីជាកងធំលេខ៦ ក្នុងវរសេនាតូចលេខ២ តំបន់២៤។ ខ្ញុំបន្តសកម្មភាពក្បត់ស្ថិតក្រោមការដឹកនាំរបស់ ងួន ពេញ និងខៀវ ម៉ា ដដែល។ ខ្ញុំសម្រាកនៅភូមិក្រសាំងទង និងបក្ខពួកបានទទួលផែនការពី ងួន ពេញគឺ១) កសាងកម្លាំងក្បត់, ២) បំផ្លាញឃ្លាំងផ្ទុះអាវុធ និងសម្ភារយោធារបស់តំបន់២៤ នៅភូមិក្រូច ដែលមានចម្ងាយពីកន្លែងខ្ញុំបោះទីតាំងប្រមាណជា១គីឡូម៉ែត្រ។ ពេលនោះ ងួន ពេញ ចាត់តាំងខ្ញុំ,ប៉ុល ធឿន និងឡាច ធន់ យកគ្រាប់បែកចំនួន២គ្រាប់ទៅកម្ទេចឃ្លាំងអាវុធ ដោយមានឈ្មោះ នង សាមាន គឺជាអ្នកបង្ហាញភូមិសាស្រ្តប៉ុន្តែការចាត់តាំងនេះមិនបានសម្រេចទេព្រោះរកវិធីបញ្ជូនគ្រាប់បែកទៅក្នុងឃ្លាំងមិនបាន។ ដូច្នេះសម្រេចបោកគ្រាប់បែកនៅខាងក្រៅជញ្ជាំងនិងបាញ់បង្អើលរួចខ្ញុំរត់មកវិញ ។
នៅខែមេសា ឆ្នាំ១៩៧៥ ខ្ញុំត្រូវរបួសពេលវាយចូលទីក្រុងភ្នំពេញ។ ខ្ញុំទៅសម្រាកនៅមន្ទីរពេទ្យភូមិភាគបូព៌ាតំបន់២២ អស់រយៈពេល៣ខែរហូតដល់ខែសីហា ឆ្នាំ១៩៧៥ ទើបខ្ញុំចេញពីមន្ទីរពេទ្យមកកាន់អង្គភាពនៅអ្នកលឿងត្រើយខាងលិចម្ដុំក្បាលស្រឡាង។ ខ្ញុំបន្តសកម្មភាពក្បត់ក្រោមការដឹកនាំរបស់ខៀវ ម៉ា និង ពេញ ងួន បន្តទៀត។ មួយថ្ងៃក្រោយ នង សាមាន មកហៅខ្ញុំទៅជួប ងួន ពេញ និង ខៀវ ម៉ៅ នៅវត្តស្ទឹងស្លូត ស្ថិតនៅឃុំអ្នកលឿង ស្រុកពាមរក៍[2]។ ពេលនោះ ងួន ពេញ បានចាត់តាំងខ្ញុំ និងឈ្មោះ ឡាច ធន់ ដែល នង សាមាន នាំទៅជួបឱ្យធ្វើសកម្មភាពបោកគ្រាប់បែកនៅមន្ទីរពេទ្យកងពល២៩០ នៅពាមបាណាម។ មកដល់ភ្លាមខ្ញុំ និងឡាច ធន់ ជិះកង់ទៅពិនិត្យមន្ទីរពេទ្យដោយប្រើរូបភាពទៅសួរសុខទុក្ខយុទ្ធជនឈឺ។ លុះដល់ម៉ោង១០យប់ខ្ញុំ និងឡាច ធន់ លួចចូលទៅបោកគ្រាប់បែកនៅរោងអ្នកជំងឺក្បែរផ្ទះថ្ម រួចគេខ្លួនឡើងកង់មកកន្លែងវិញភ្លាម។
នៅខែឧសភា ឆ្នាំ១៩៧៦ ខ្ញុំឈឺធ្លាក់ឈាមសម្រាកពេទ្យរយៈពេល១ខែ ទើបចេញមកអង្គភាពនៅក្បាលស្រឡាងអ្នកលឿងត្រើយខាងលិច។ ខ្ញុំ និងបក្ខពួកឈ្មោះ សាខឿន បានទាក់ទងខូចសីលធម៌[3]ជាមួយនារីប្រជាជនថ្មី នៅកំពង់ភ្នំ។ រយៈពេល៣ថ្ងៃក្រោយមក ក្នុងខែឧសភា ឆ្នាំ១៩៧៦ អង្គភាពខ្ញុំត្រូវអង្គការឱ្យទៅធ្វើស្រែនៅសង្កាត់បន្ទាយចក្រី ដោយមានឈ្មោះ សាមាន គឺជាអ្នកដឹកនាំ។ ថ្ងៃមួយ សាមាន ហៅខ្ញុំទៅប្រជុំជាមួយ ងួន ពេញ នៅភូមិម្រេញ ដោយមានឈ្មោះ ម៉ី អៀម លេខាវវរសេនាតូចលេខ៤ និង អ៊ីម វង់ អនុលេខាវរសេនាតូចលេខ២។ ការប្រជុំធ្វើសកម្មភាពប្រឆាំងបដិវត្តន៍គឺបំផ្លាញសេដ្ឋកិច្ចដោយលួចបញ្ចេញទៅលក់ឱ្យវៀតណាម នៅព្រំដែន។ ក្រោយមកនៅម៉ោង ៥ល្ងាច ខ្ញុំ, សាមាន, អ៊ីម វង់ និងម៉ី អៀម បានទៅព្រំដែនវៀតណាមដើម្បីទាក់ទងជាមួយឈ្មួញវៀតណាម យកគោដែលលួចកៀងពីសហករណ៍ភូមិបបុសរលួយ ដេកដាច់ពីហ្វូងលក់ឱ្យវៀតណាម។
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៦ ខ្ញុំព្រមទាំងអង្គភាពវិលមកនៅភូមិខ្មែរ ធ្វើការនៅការដ្ឋានរបស់វរសេនាធំ២៣ ខាងត្បូងស្ទឹងស្លូត តំបន់២៤ វិញ។ ក្រោយមក នង សាមាន ត្រូវអង្គការដកមកពិនិត្យសកម្មភាពនៅមន្ទីរវរសេនាធំ រួចបញ្ជូនមកមន្ទីរកងពល។ ចំណែក ងួន ពេញ, ខៀវ ម៉ា និងបក្ខពួកចាស់ត្រូវអង្គការចាប់ជាបន្តបន្ទាប់ ហើយខ្ញុំបានដាច់ការទាក់ទងពីពួកគេ។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៦ អង្គការចាត់តាំងខ្ញុំចូលរៀននយោបាយនៅសាលាកងពល២៩០(អ្នកលឿង) ខ្ញុំបានជួប សាមាន ដែលអង្គការដកតាមដានសកម្មភាព។ ពេលខ្ញុំជួប សាមាន ប្រាប់ខ្ញុំអំពីខ្សែខាងលើត្រូវអង្គការចាប់លែងមានបង្អែកហើយ។ បង សាមានឱ្យខ្ញុំរត់ភៀសខ្លួនទៅប្រទេសវៀតណាមហើយនាំសភាពការពីកម្ពុជាទៅឱ្យឈ្មោះ បា ជីវ បញ្ជាវរសេនាធំ ប្រចាំនៅព្រំដែន។ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៧៦ បិតវគ្គ ខ្ញុំត្រឡប់មកអង្គភាពវិញបានសុំអង្គការមកមើលឪពុកឈឺ ខ្ញុំឆ្លៀតជិះកង់មើលសភាពការណ៍ព្រំដែន ទៅជួប ម៉ី អៀម និងអ៊ីម វង់។ តែបានជួបតែ ម៉ី អៀម លេខាវរសេនាតូចលេខ៤ តំបន់២៤ ប្រចាំការនៅព្រំដែន។ ខ្ញុំប្រាប់ ម៉ី អៀម ពីបំណងរបស់ខ្ញុំមកនេះ មើលផ្លូវចង់រត់ទៅវៀតណាម ព្រោះខ្សែបក្ខពួកខ្ញុំបែកមុខ។ អៀម សួរខ្ញុំហេតុអ្វីបានបែក, ខ្ញុំប្រាប់គាត់ថាប្រហែលបង ខៀវ ម៉ា និងបងពេញ ដែលអង្គការចាប់មុនឆ្លើយប្រាប់ហើយ។ បន្ទាប់មក អៀម បាននាំខ្ញុំជិះកង់សំដៅភូមិពារទា ជាប់ព្រំដែនវៀតណាមហើយប្រាប់ខ្ញុំថា ត្រង់នេះគ្មានកងទ័ពនៅការពារទេ មានតែចល័តម្ដងៗដល់ថ្ងៃមកសំដៅឱ្យរហ័សប្រយ័ត្នជួបអ្នកដើរចល័ត ចំណែកទឹកនេះរាក់អាចឆ្លងបានព្រែកក៏តូចដែរ។ ក្រោយបង្ហាញផ្លូវ អៀម បាននាំខ្ញុំជិះកង់មកវិញ។ ខ្ញុំហូបបាយរួចជម្រាបលា អៀម មកអង្គភាពវិញ។ រយៈពេល២ថ្ងៃក្រោយខ្ញុំរត់ពីអង្គភាព អ្នកលឿង តាមការណែនាំរបស់ នង សាមាន។ ខ្ញុំជិះកង់ទៅដេកនៅផ្ទះមួយយប់បានឱ្យបងជីដូនមួយ២នាក់ជូនដំណើរខ្ញុំមកព្រំដែននៅម៉ោង៨យប់។ ធ្វើដំណើរដល់ព្រំដែនវៀតណាម-កម្ពុជា មេឃភ្លឺល្មមបងជីដូនមួយមិនហ៊ានត្រឡប់មកវិញក៏សម្រេចរត់ទៅវៀតណាមជាមួយខ្ញុំ។ ទៅដល់វៀតណាម រយៈពេល៥ថ្ងៃខ្ញុំស៊ើបរកឈ្មោះ បា ជីវ មិនឃើញនិងខ្លាចរដ្ឋអំណាចវៀតណាមចាប់ បានសម្រេចចិត្តសុំផ្ទះប្រជាជនវៀតណាមនៅស្រុកដុងផាប់ និងជួយធ្វើស្មៅ ពោតសណ្ដែក ឱ្យប្រជាជនវៀតណាម។ បានរយៈពេល២ថ្ងៃរដ្ឋអំណាចវៀតណាមចាប់ខ្ញុំ និងបងជីដូនមួយដាក់គុកនៅស្រុកដុងផាប់។ ជាប់គុករយៈពេល៦ថ្ងៃវៀតណាមយកខ្ញុំសួរចម្លើយ អំពីសភាពការណ៍នៅកម្ពុជា និង ហេតុអ្វីបានជាចូលមកវៀតណាម? ការសួរនេះមានវៀតណាមម្នាក់ចេះភាសាខ្មែរជួយបកប្រែឱ្យខ្ញុំស្ដាប់។ ខ្ញុំប្រាប់អំពីសភាពអត់ឃ្លានរបស់ប្រជាជនកម្ពុជា និងផែនការអង្គការបដិវត្តន៍កម្ពុជាបំផុសវាយវៀតណាម។
នៅខែមករា ឆ្នាំ១៩៧៧ មុននឹងវៀតណាមយកខ្ញុំទាំង៣នាក់មកប្រគល់ឱ្យខ្មែរក្រហមវិញ វៀតណាមពីរនាក់ឈ្មោះ សៅ ថាន់ និងឈ្មោះ កឺ បានចូលមកដោះលែងខ្ញុំទាំង៣នាក់ពីគុកមកឱ្យទៅផ្សារប៉ឹងផាប់ បញ្ចុកបន្ស៊ី ឱ្យលេងសប្បាយ។ វៀតណាមទាំង២នាក់នេះគឺជាគណៈស្រុក។ វៀតណាម ឈ្មោះ សៅ ថាន់ និងកឺ បាននាំពួកខ្ញុំទាំង៣នាក់ដើម្បីអូសទាញបង្កប់ខ្លួនក្នុងប្រទេសកម្ពុជាធ្វើជាភ្នាក់ងារវៀតណាម។ វៀតណាមគឺជាអ្នកគាំទ្រឧបត្ថម្ភគ្រប់បែបយ៉ាងចលនាប្រឆាំងបដិវត្តន៍កម្ពុជានៅក្នុងស្រុក។ ពួកខ្ញុំយល់ព្រមធ្វើជាអ្នកស៊ើបការណ៍ឱ្យវៀតណាម។ នៅម៉ោង៩ព្រឹកវៀតណាម បាននាំខ្ញុំទាំង៣នាក់ជិះកាណូតមកប្រគល់ឱ្យកងទ័ពខ្មែរក្រហមនៅការពារម្ដុំកោះស្កូរ តំបន់២៤។ ប្រគល់រួចកងទ័ពតំបន់ចាប់ពួកខ្ញុំចងរួចបញ្ជូនមកដាក់គុកតំបន់២៤ ភ្នំឈើកាច់។ បានរយៈពេល៣ថ្ងៃបងជីដូនមួយខ្ញុំទាំង២នាក់បានរួចខ្លួនមានសេរីភាដោយអង្គការឱ្យនៅជាមួយក្រុមនេសាទ តំបន់២៤។ ចំណែកខ្ញុំជាប់គុកតំបន់រយៈពេល១១ថ្ងៃ បញ្ជូនទៅកន្លែងកងពល២៩០ មួយរយៈក្រោយមកទើបអង្គការបញ្ជូនដល់មន្ទីរនេះនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ១៩៧៧៕
អត្ថបទដោយ ដារ៉ារដ្ឋ មេត្តា
[1] ឯកសារលេខ J00880 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ប្រវត្តិរូប និងសកម្មភាពក្បត់»៖ សរសេរដោយដៃ លេខចំនួន៦៨ទំព័រ។ កំណត់សម្គាល់ៈ ចម្លើយសារភាពរបស់អ្នកទោសទាំងអស់សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះយើងមិនអាចសន្និដ្ឋានបានថាចម្លើយសារភាពរបស់ យឹម ហឿន ពិតឬយ៉ាងណានោះទេ?
[2] ឯកសារលេខ J00446 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«អំពីផែនការខែ ៧-៧៦»៖ សរសេរដោយអង្គលី លេខចំនួន២៦ទំព័រ។ ទំព័រ១៤។
[3] ឯកសារ D២១៤០៨ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«យកចិត្តទុកដាក់ បំពាក់បំប៉នបន្ថែមអំពីសីលធម៌១២ប្រការរបស់ជនបដិវត្ត» យុវជន និង យុវនារីបដិវត្ត លេខ១០,ខែតុលា ឆ្នាំ១៩៧៨.ទំព័រ៣៦-៣៧។