យិន សៀន៖ ឈឺហើយមិនទៅធ្វើការគឺមិនទទួលបានរបបអាហារ

យិន សៀន អាយុ៥៧ឆ្នាំ រស់នៅភូមិតាខូយ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ សៀន មានអាយុ១៣ឆ្នាំ។ អង្គការបានចាត់តាំង សៀន ឲ្យចូលធ្វើការងារនៅក្នុងកងចល័តនារី ឆ្ងាយពីសហករណ៍។ ការងាររបស់ សៀន មានដូចជា៖ រែកដី, ជីកព្រែក, ដើររើសអាចម៍គោ, រែកជីលាមកចាក់ស្រែ, ស្ទូង និងកាត់ស្មៅ។ ទីកន្លែងដែល សៀន ទៅធ្វើការងារមាន ស្ទូងស្រូវនៅកោះងោក, ឃុំទ្រា និងកោះព្នៅ, កាត់ស្មៅនៅកោះព្នៅ, រែកដី និងជីកព្រែកនៅវត្តអំពិល៣ និងទៅធ្វើការក្បែរវត្តទឹម។

សៀន បានឲ្យដឹងថា ក្នុងមួយថ្ងៃៗ គាត់ត្រូវក្រោកទៅធ្វើការងារធ្ងន់ៗ តាំងពីព្រលឹម រហូតដល់ពេលយប់ ប៉ុន្តែរបបអាហារដែលគាត់ទទួលបាន មានតែបបរមួយកា ហូបជាមួយសម្លបន្លែត្រកួន និងព្រលឹត។ លើសពីនេះទៅទៀត អង្គការមិនឲ្យរបបអាហារទៅអ្នកឈឺ ហើយមិនទៅធ្វើការងារនោះទេ។ ដូច្នេះ សៀន ត្រូវចែកអាហាររបស់គាត់ពាក់កណ្ដាលឲ្យទៅមិត្តដែលឈឺសម្រាកនៅមួយកន្លែង។ ចំពោះអ្នកដែលមានជំងឺ គ្មានថ្នាំល្អៗសម្រាប់ព្យាបាលនោះទេ គឺមានតែថ្នាំរាងដូចអាចម៍ទន្សាយលេប។

នៅដើមឆ្នាំ១៩៧៩ បន្ទាប់ពីកងទ័ពវៀតណាមចេញពីភូមិ យន់ ប្រធានឃុំនៅក្នុងសម័យខ្មែរក្រហម បានបញ្ជូនកងឈ្លបឈ្មោះ ក្រឹម, ទ្រី និងឆាញ រស់នៅភូមិត្បាច​ ហើយកេវ រស់នៅភូមិត្រពាំងវិហារ និងអ្នកដទៃទៀត ចូលទៅសម្លាប់មនុស្សនៅក្នុងភូមិតាខូច។  សៀន បានឃើញការសម្លាប់មនុស្សនេះដោយផ្ទាល់ភ្នែក ព្រោះពេលនោះគាត់កំពុងតែដឹកគោយកទៅឲ្យផឹកទឹក។

សៀន បានបន្តថា កងឈ្លបបានយក គល់ឬស្សី, ដើមសង្កែ និងភ្លៅរទេះ ទៅវាយសម្លាប់ឈ្មោះ តាលុយ និងយាយភៀង នៅខាងមុខផ្ទះ សុខ ក្រោមដើមស្វាយ។ ចំពោះ ម្ដាយឪពុករបស់ សៀន បានរត់គេចពីការសម្លាប់ដោយឆ្លងទឹកទន្លេ ទើបរួចខ្លួន។ នៅពេលដែលឃើញដូច្នេះ សៀន មានការភ័យយ៉ាងខ្លាំង ព្រោះគាត់ខ្លាចខ្មែរក្រហមសម្លាប់គាត់ដែរ។

នៅពេលដែលអ្នកស្ម័គ្រចិត្តទៅសម្ភាស សៀន នៅតែមានអារម្មណ៍ឈឺចាប់ និងមិនអាចបំភ្លេចអំពីការធ្វើបាបរបស់ខ្មែរក្រហមទៅលើខ្លួនគាត់ និងគ្រួសាររបស់គាត់។ លើសពីនេះទៅទៀត សៀន បានយល់សប្ដិឃើញ កម្មាភិបាលខ្មែរក្រហមមកសម្លាប់គាត់ ហើយកូនស្រីរបស់គាត់ដែលបានស្លាប់ទៅហើយ ចង់មកយក​ សៀន ទៅរស់នៅជាមួយ។

សម្ភាសដោយ៖ សឿន ធារ៉ា ថ្ងៃទី២៤ សីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី១៥ ខែមីនា ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin