យ៉ិន ឆែ៖ គ្រាប់បាយ ធំជាង គ្រាប់បែក

យ៉ិន ឆែ[1] អាយុ៧៧ឆ្នាំ រស់នៅភូមិបានយ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានជម្លៀសឪពុកម្ដាយ បងប្អូន និងគ្រួសារឆែ ទាំងអស់ទៅខេត្តបាត់ដំបង ដោយសារតែគ្រួសារគាត់មានជីវភាពធូរធារ។ នៅខេត្តបាត់ដំបង ឆែ បានចូលទៅក្នុងកងម៉ែៗ ដើម្បីធ្វើការងារ រែកដី ស្ដារស្រះ, ស្ដារប្រឡាយ និងលើកប្រព័ន្ធទំនប់។ ឆែ ត្រូវធ្វើការងាររាល់ថ្ងៃ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺមិនគ្រប់គ្រាន់នោះទេ ព្រោះតំបន់ដែលគ្រួសារឆែ រស់នៅគឺលំបាកក្នុងការហូបអាហារខ្លាំង។ លើសពីនេះទៅទៀត ប្រសិនបើអ្នកមានជំងឺ ហើយមិនបានទៅធ្វើការងារ នោះមិនទទួលបានរបបអាហារដូចគ្នា។
នៅរដូវប្រមូលផល អង្គការឲ្យប្រជាជនហូបបាយ ប៉ុន្តែនៅពេលខ្វះស្បៀងគឺត្រូវហូបបបររាវៗ មានគ្រាប់អង្ករបន្តិចបន្តួច ប៉ុន្តែពេលដាច់ស្បៀងខ្លាំងគឺបានដំឡូងមួយដុំ ឬក៏គ្មានអ្វីហូបសោះ។ នៅពេលហូបមិនឆ្អែត ឬក៏គ្មានរបបអាហារ ឆែ ត្រូវដើរបេះស្លឹកថ្នឹង, ស្លឹកដំឡូងមី និងបន្លែផ្សេងៗយកមកហូបជាមួយអំបិលដែលអង្គការចែកឲ្យប្រមាណ៣គ្រាប់ រួចផឹកទឹកបំពេញពោះ។
ឆែ បានឲ្យដឹងថា នៅពេលដែលគាត់ផឹងទឹកច្រើនពេក បានធ្វើឲ្យមានសំឡេង “ក្លេក្លក់” ចេញពីពោះរបស់គាត់នៅពេលធ្វើការងារ។ មួយវិញទៀត នៅពេលដែលគាត់ហូបផ្លែកន្ទួតព្រៃរួចមកហូបទឹកតាមក្រោយ ធ្វើឲ្យទឹកដែលគាត់ហូបនោះមានរសជាតិផ្អែម។ ឆែ បានបន្តថា ប្រសិនបើឲ្យគាត់ជ្រើសរើសហូបបាយមួយពេល ហើយយកគាត់ទៅសម្លាប់ចោលគឺគាត់សុខចិត្តហូបភ្លាម ព្រោះគាត់គិតថា គ្រាប់បាយ ធំជាងគ្រាប់បែក។ បើទោះបីជា អង្គការចាប់ ឆែ ទៅវាយសម្លាប់ចោលយ៉ាងម៉េចក៏គាត់មិនស្ដាយស្រណោះដែរ ឲ្យតែបានហូបឆ្អែតមួយពេល។
ក្រោយមក ម្ដាយរបស់ឆែ ដែលមានជំងឺខ្វះឈាមពីមុនមកបានស្លាប់ ដោយសារតែគ្មានអាហារហូបគ្រប់គ្រាន់។ បន្ទាប់មក ប្ដីរបស់គាត់បានឈឺស្លាប់បន្តទៀត ដោយសារតែមិនមានការព្យាបាលត្រឹមត្រូវ និងខ្វះខាតអាហារហូបចុក។ នៅពេលដែលប្ដីស្លាប់ ឆែ មិនបានទៅប្រាប់អង្គការភ្លាមៗទាំងយប់នោះទេ ព្រោះខ្លាចអង្គការយកសពប្ដីទៅបោះចោលទាំងយប់។ ចំណែកឯគ្រួសាររបស់បងឆែ ពីរគ្រួសារទៀត ត្រូវបានអង្គការយកទៅសម្លាប់។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ឆែ បាននាំឪពុកចាស់ និងកូនតូចៗចំនួន៤នាក់ ត្រលប់មកស្រុកកំណើតវិញ។ នៅតាមផ្លូវ ឆែ បានធ្វើរទេះកងជ្រុងមួយដើម្បីដឹកឪពុកចាស់ និងសម្ភារ ហើយកូនច្បងអាយុ១១ឆ្នាំ ត្រូវពរកូនពៅដែលទើបតែចេះវា។ ចំពោះកូនបន្ទាប់ច្បង ត្រូវដើរកាន់ឆ្នៀងមួយ និងមើលថែកូនប្អូនម្នាក់ទៀត ដែលដើរខ្លួនទទេរបណ្ដើរ យំបណ្ដើរ ដោយសារតែដើរជើងទទេលើផ្លូវក្ដៅ។ ចំពោះវិធីសាស្រ្ដក្នុងការធ្វើដំណើរ ឆែ បានយករទេះដឹកឪពុកទៅទុកនៅខាងមុខមុន ប្រមាណកន្លះគីឡូដីសិន ទើបគាត់ត្រលប់មកយកសម្ភារ និងកូនផ្សេងទៀតដែលចាំអីវ៉ាន់នៅខាងក្រោយ។
ក្នុងមួយថ្ងៃ ឆែ ធ្វើដំណើរបានប្រមាណ៣គីឡូម៉ែត្រ ហើយនៅពេលដែលមានភ្លៀងធ្លាក់ ឆែ បានហែកកន្សែងមួយដែលគាត់មានជាពីរ រួចចែកទៅឲ្យកូនទទូរ ហើយយប់កន្លែងណាសម្រាកកន្លែងនោះ។នៅពេលយប់ ឆែ បានឃើញខ្មែរក្រហមចូលទៅសម្លាប់ប្រជាជនក្នុងភូមិ ក្បែរកន្លែងគាត់សម្រាក ហើយពេលខ្លះទៀត គ្រួសារឆែត្រូវរត់គេចបែកផ្លូវគ្នាទាំងយប់ក៏មាន។
នៅពេលធ្វើដំណើរ ឆែ មានអង្ករបន្តិចបន្តួច ប៉ុន្តែមិនហ៊ានដាំបាយនោះទេ គឺបានត្រឹមតែបបរឲ្យកូនហូបជាមួយ កូនត្រី ឬកំពឹស និងបន្លែដែលគាត់រកបានតាមផ្លូវ។ នៅពេលខ្លះ ឆែ ត្រូវសុំទឹកប្រជាជននៅក្នុងភូមិសម្រាប់ហូប។ ឆែ ធ្វើដំណើរមិនបានប៉ុន្មាន ស្រាប់តែឪពុករបស់គាត់ធ្លាក់ខ្លួនឈឺស្លាប់ ហើយកូនពៅរបស់គាត់ឈឺស្លាប់តាមក្រោយ។
នៅថ្ងៃមួយ គ្រួសាររបស់ឆែ បានធ្វើដំណើរមកដល់ស្ពានជប៉ុនមួយ។ មុនពេលឆ្លងស្ពាន មានប្រជាជននៅក្នុងភូមិក្បែរនោះ ប្រាប់គាត់ឲ្យធ្វើដំណើរផុតស្ពាននោះប្រមាណ៣គីឡូម៉ែត្រ បើមិនដូច្នេះទេនឹងមានគ្រោះថ្នាក់កើតឡើង។ បន្ទាប់ពីបានឮដូច្នេះ ឆែ គិតថាគាត់អាចធ្វើដំណើរបាន ប៉ុន្តែជាក់ស្ដែងគាត់ត្រូវសុំផ្ទះលោកអ៊ំម្នាក់ ដែលគ្រួសាររបស់គាត់រត់ភៀសខ្លួនចេញទាំងអស់ ដើម្បីស្នាក់មួយយប់។ មុនពេលម្ចាស់ផ្ទះចាកចេញ គាត់បានផ្ដាំផ្ញើទៅឆែ និងគ្រួសារមួយទៀតថា កុំឲ្យសម្រាន្តលក់ពេកនៅពេលយប់ គឺត្រូវចាំស្ដាប់ថា បើសត្វត្រដេវវិចយំគឺត្រូវនាំកូនរត់ចូលព្រៃភ្លាមៗ ដើម្បីគេចពីការសម្លាប់របស់ខ្មែរក្រហម។ នៅយប់នោះ ឆែ និងគ្រួសារមួយទៀតមិនបានសម្រាន្តលក់នោះទេ គឺនៅចាំស្ដាប់រហូតដល់ពេលព្រឹក។ នៅពេលព្រឹកឡើង ម្ចាស់ផ្ទះ បាននាំក្រុមឪៗចូលមក រួចនិយាយថាគ្រួសារ ឆែ មានសំណាងដែលនៅរស់ ព្រោះអ្នកដែលចូលស្នាក់នៅទីនេះភាគច្រើនគឺត្រូវស្លាប់ដោយសារតែខ្មែរក្រហមចូលមកសម្លាប់រាល់យប់ ហើយ ក្រុមឪៗចូលមកនេះ គឺដើម្បីមកនាំសាកសពអ្នកដែលស្លាប់ទៅបោះចោល។ ឆែ បាននាំកូនបន្តដំណើររហូតដល់ខេត្តតាកែវវិញ និងចាប់ផ្ដើមប្រកបរបរធ្វើស្រែ។
ឆែ បានរៀបរាប់បន្តទៀតថា គាត់ពេញចិត្តចំពោះតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ហើយគាត់ចង់ឲ្យអ្នកឆ្លងកាត់របបខ្មែរក្រហមនិយាយប្រាប់កូនចៅជំនាន់ក្រោយ។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ឆែ មានជំងឺលើសសម្ពាធឈាម, បេះដូង និងឈឺក្បាលជង្គង់ ហើយជំងឺរបស់គាត់កើតឡើងដោយសារតែការធ្វើការងារនៅក្នុងរបបខ្មែរក្រហមធ្ងន់ៗពេក ហើយអាយុរបស់គាត់កាន់តែច្រើន។
អត្ថបទដោយ ភា រស្មី
[1] យ៉ិន ឆែ ភេទប្រុស អាយុ៧៧ឆ្នាំ, សម្ភាសដោយ គ្រី ភាព នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១, ក្នុងគម្រោង ការលើកកម្ពស់សិទ្ធ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាព សុខភាព របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។