យោគ ផល្លា៖ ចងចាំរបបខ្មែរក្រហមមិនភ្លេច លុះអវសានជីវិត

ខ្ញុំឈ្មោះ យោគ ផល្លា[1] ភេទប្រុស អាយុ៧៥ឆ្នាំ ក្នុងឆ្នាំ២០០៥ មានមុខរបរជាក្រុមប្រឹក្សាឃុំ រស់នៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កាលនៅពីក្មេង ខ្ញុំរៀនត្រឹមថ្នាក់ទី១០។ ខ្ញុំបានរៀបការនៅក្នុងសម័យសង្គមរាស្ត្រនិយម និង មានកូនប្រុសស្រីចំនួន៥នាក់ (ស្រី២នាក់)។
នៅឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តមសីហនុ។ ពេលនោះ ខ្ញុំកំពុងរកស៊ីប្រកបរបរលក់សាច់គោនៅភូមិជ្រៃ បានឮសេចក្តីប្រកាសរបស់ សម្តេច ឱ្យកូនចៅ ចូលព្រៃម៉ាគី ដើម្បីផ្តួលរំលំរបប លន់ នល់ ខ្ញុំក៏ព្រមចូលព្រៃតាមសម្តេច។ នៅពេលដែលខ្ញុំបានចូលព្រៃម៉ាគី វៀតណាម(វៀតកុង) បាននិយាយពីនយោបាយឱ្យប្រជាជនដែលរត់ចូលព្រៃទាំងអស់ ក្រោកឈរឡើង ប្រឆាំងនឹងរបប លន់ នល់ ហើយនាំយកសម្តេចឪយាងចូលប្រទេសវិញ។ ប៉ុន្តែអស់រយៈពេលជាយូរខែ ខ្ញុំឃើញសភាពការណ៍ខ្មែរក្រហម ហាក់មិនស្រួល ខ្ញុំក៏ចេញមកវិញ។
រហូតដល់ឆ្នាំ១៩៧៥ ឯកសាររបស់ខ្ញុំ ទាក់ទងនឹងសំបុត្រកំណើត និងទាក់ទងនឹងការរៀនសូត្រ ខ្ញុំបានយកទៅដុតចោលទាំងអស់ ទុកតែមាសប្រាក់ នៅសល់ជាប់ខ្លួនប៉ុណ្ណោះ ហើយមាសប្រាក់ទាំងអស់នោះក៏ត្រូវបានខ្មែរក្រហម ប្រមូលយកអស់ទៀត។ បន្ទាប់មក ខ្ញុំត្រូវបានអង្គការបញ្ជូនចូលទៅក្នុងកងចល័ត ដាំបន្លែ ជីប្រឡាយ និង ជីកស្រះជម្រៅពី២០ ម៉ែត្រទៅ ៣០ម៉ែត្រ រហូតដល់ឆ្នាំ១៩៧៧។
អំឡុងឆ្នាំ១៩៧៨ ដោយសារតែមានការប៉ះបោរនៅ កោះផល អង្គការបានជម្លៀសជនជាតិចាមឱ្យរស់នៅដាច់ដោយឡែកពីគ្នា និង មួយចំនួនធំ រួមទាំងគ្រួសារខ្ញុំ ត្រូវបានជម្លៀសទៅខេត្តពោធិ៍សាត់។ ពេលនោះ ខ្ញុំត្រូវកម្មាភិបាលខ្មែរក្រហមបញ្ជួនទៅដល់ភូមិបេង ខាងជ្រលងសេកមាស នៃខេត្តពោធិ៍សាត់។ ទៅដល់ទីនោះ ខ្ញុំនិងអ្នកផ្សេងទៀត កាន់តែពិបាកខ្លាំងឡើង។ ខ្ញុំត្រូវបានអង្គការប្រើឱ្យ កាប់ឫស្សីធ្វើផ្ទះ ច្រូតស្រូវ បោកស្រូវ ដាំដំណាំ និងកាប់ដី គ្មានពេលទំនេរឡើយ។ រូបកាយរបស់ខ្ញុំ កាន់តែស្គមស្គាំង ធំតែក្បាលជង្គង់ និង ដើរមិនចង់រួច ព្រោះតែហូបមិនគ្រប់គ្រាន់។ ក្នុងមួយពេល អង្គការចែកបាយឱ្យតែ១វែកប៉ុណ្ណោះ ហើយសម្លរដើមចេកមួយចាន ហូបជាមួយគ្នារហូតដល់ទៅ២០នាក់។ នៅពេលខ្ញុំនឹកឃើញ កំសត់ណាស់ ខ្ញុំចង់តែស្រក់ទឹកភ្នែក ព្រោះអង្គការ ប្រើខ្ញុំហួសហេតុពេក។ ពេលឈឺគ្មានថ្នាំសង្កូវព្យាបាលទេ មានតែថ្នាំអាចម៍ទន្សាយ។ នៅពេលកូនខ្ញុំឈឺ កម្មាភិបាល មិនឱ្យខ្ញុំទៅមើលកូនទៀត ព្រមទាំងនិយាយថា ខ្ញុំមិនមែនជាគ្រូពេទ្យទេ។
នៅអំឡុងពេលជិតបែក ខ្ញុំបានដឹងរឿងរ៉ាវពីគ្រូពេទ្យសត្វម្នាក់ គាត់មានវិទ្យុ ហើយគាត់បានប្រាប់ខ្ញុំថា កងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពវៀតណាម បានចូលមករំដោះប្រទេសកម្ពុជា[2] និង បានចូលមកដល់ភ្នំពេញហើយ។ ប៉ុន្តែគាត់បានផ្តាំខ្ញុំថា មិនឱ្យខ្ញុំនិយាយអ្វីទេ ព្រោះខ្លាចឮដល់អង្គការ ហើយអង្គការយកទៅសម្លាប់។ មិនយូរប៉ុន្មាន កងទ័ពរណសិរ្យ និង កងទ័ពវៀតណាម បានមកដល់មែន។ ខ្ញុំសប្បាយចិត្តណាស់។ គ្រួសារខ្ញុំ និង គ្រួសារជនជាតិអ៊ីស្លាមផ្សេងទៀត បាននាំគ្នារត់ចេញពីខ្មែរក្រហម ប៉ុន្តែត្រូវកម្មាភិបាលខ្មែរក្រហម ស្ទាក់ជាប់ និងឃាត់ទុកមិនឱ្យទៅណា។ ខ្ញុំនិងគ្រួសារ បានព្យាយាមរត់ចេញមកដល់វត្តចាស់។ កម្មាភិបាលខ្មែរក្រហម តាមស្ទាក់យើងម្តងទៀត ថែមទាំងបានឱ្យយើងសម្រាកនៅទីនោះមួយយប់ទៀត ប៉ុន្តែខ្ញុំពុំបានសម្រាកនៅទីនោះទេ។ ខ្ញុំបានបបួលខ្មែរអ៊ីស្លាមផ្សេងទៀតដើរទៅរកផ្លូវជាតិ ហើយយើងកាន់កាំបិតទាំងអស់គ្នា បើជួបកម្មាភិបាលខ្មែរក្រហម ហើយកម្មាភិបាលនោះមកធ្វើបាបយើង យើងព្រួតដៃគ្នាទាំងប្រុសទាំងស្រី កាប់កម្មាភិបាលខ្មែរក្រហមវិញ ទោះបីជាត្រូវស្លាប់ក៏ស្លាប់ទៅចុះ។ បន្ទាប់មក យើងចេះតែដើរទាំងយប់ទាំងថ្ងៃ ក៏បានជួបជាមួយទាហានវៀតណាម ហើយទាហានវៀតណាម បានសួរនាំយើងថា មាននរណាចេះនិយាយភាសាវៀតណាមឬទេ? ខ្ញុំនិយាយថាខ្ញុំចេះ។ ខ្ញុំបានយល់ព្រម បកប្រែឱ្យទាហាន វៀតណាមអស់រយៈពេល១ខែកន្លះ ទើបខ្ញុំសុំឱ្យទាហានវៀតណាម ជួនខ្ញុំត្រឡប់មកស្រុកកំណើតវិញ។
នៅក្នុងរបបខ្មែរក្រហមទាំងមូល ខ្ញុំចាំមិនភ្លេច លុះអវសានជីវិតរបស់ខ្ញុំ។ កូនខ្ញុំត្រូវខ្មែរក្រហមយកទៅសម្លាប់អស់ចំនួន៣នាក់ ទាំងមិនដឹងថាសាកសពនៅឯណា។ ឪពុកម្តាយខ្ញុំ ត្រូវស្លាប់ដោយសារជំងឺ គ្មានថ្នាំព្យាបាល និង ហូបមិនគ្រប់គ្រាន់ ហើយសូម្បីតែខ្ញុំចង់ទៅមើលគាត់ ក៏កម្មាភិបាលមិនអនុញ្ញាតឱ្យខ្ញុំទៅដែរ។
អត្ថបទដោយ ថុន ស្រីពេជ្រ
[1]ឯកសារ D៥៥៩៣៨ តម្កល់ទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «បទសម្ភាសជាមួយ យោគ ផល្លា ភេទប្រុស អាយុ៧៥ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៥», ចំនួន៥៥ទំព័រ។ សម្ភាសដោយ ហ៊ិន សុធានី។
[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ២០២៥, ទំព័រទី៤១។