យូរ សារ៉េត សារភាពថាបានបំផ្លាញសម្ភារដើម្បីឲ្យរបបខ្មែរក្រហមដួលរលំ

យុទ្ធជនកងតូចទី២ វរសេនាតូច២៣៤ វរសេនាធំ១៥២ ភូមិភាគបូព៌ា បានសារភាពថាខ្លួន ចូលជា កម្លាំង សេ.អ៊ី. អា នៅខែកញ្ញា ឆ្នាំ១៩៧៦។ បន្ទាប់ពីក្លាយជា កម្លាំង សេ.អ៊ី.អា គាត់បានបំផ្លាញសម្ភារនៅអង្គភាពទ័ព និងសម្ភារសម្រាប់ធ្វើស្រែចម្ការ អស់ជាច្រើនដោយមានបំណងផ្តួលរំលំរបបខ្មែរក្រហម។ ខាងក្រោមនេះគឺជាចម្លើយសារភាពលេខJ00832 ដែលបានតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា៖
យូរ សារ៉េត[1] ភេទប្រុស អាយុ៣១ឆ្នាំ (ឆ្នាំ១៩៧៧) មានស្រុកកំណើត ភូមិប្រងើយ ឃុំថ្មពូន ស្រុកកញ្ជ្រៀច តំបន់២០ រស់នៅភូមិស្វាយទៀប ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ សារ៉េត មានឪពុកឈ្មោះ យូរ សេត និងម្តាយឈ្មោះ ទិត សុត ជាកសិករកណ្តាលក្រោម។ កាលពីកុមារភាព សារ៉េត បានបួសជាព្រះសង្ឃបានចំនួនពីរព្រះវស្សា។ បន្ទាប់ពីលាចាសិក្ខាបទគាត់បានត្រលប់មកជួយការងារស្រែចម្ការឪពុកម្តាយវិញនៅស្រុកកំណើត។
នៅថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៧៤ សារ៉េត បានចូលជាមួយបដិវត្តន៍ខ្មែរក្រហម តាមរយៈឈ្មោះ សេន ជាប្រធានឈ្លបភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ បន្ទាប់ពីចូលបដិវត្តន៍គាត់ត្រូវបានឈ្មោះ វី នយោបាយវរសេនាតូច២៣៤ វរសេនាធំ១៥២ ចាត់តាំងឲ្យធ្វើជាយុទ្ធជន ក្នុងវរសេនាតូច២៣៤ វរសេនាធំ១៥២ ភូមិភាគបូព៌ា ហើយ សារ៉េត ត្រូវបាន វី អូសទាញឲ្យចូលជាកម្លាំង សេ-អ៊ី-អា បង្កប់ក្នុងជួរបដិវត្តន៍ដើម្បីធ្វើសកម្មភាពផ្តួលរំលំរបបខ្មែរក្រហម។
សារ៉េត ត្រូវបានឈ្មោះ វី ដែលជាថ្នាក់លើរបស់ខ្លួនអប់រំថា ការធ្វើបដិវត្តន៍គ្មានសិទ្ធិសេរីភាព និងខាតពេលវេលា ប៉ុន្តែបើចូលជា កម្លាំង សេ-អ៊ី-អា ទើបអាចឲ្យរស់នៅស្រួល។ វី និយាយថា សហភាពសូវៀត ធ្វើបដិវត្តន៍ដែរប៉ុន្តែមិនតឹងតែងដូចរបបខ្មែរក្រហមទេ សហភាពសូវៀតសម្បូរសប្បាយ ហើយកងទ័ពមិនភ័យព្រួយធ្វើស្រែចម្ការនោះទេ។ ដូច្នេះ បើប្រៀបធៀបទៅបដិវត្តន៍ខ្មែរក្រហមខុសពីបដិវត្តន៍នៅសហភាពសូវៀតឆ្ងាយណាស់។ វី បានប្រាប់ សារ៉េត បើថ្ងៃក្រោយ កម្លាំង សេ-អ៊ី-អា ទទួលជ័យជម្នះ សារ៉េត នឹងមានមុខមាត់, បុណ្យសក្តិ, ប្រាក់ខែ និងមានឡាន ម៉ូតូ ជិះជាក់ជាមិនខាន។
វី បានសួរ សារ៉េត ថា “តើកាលពីសង្គមចាស់ [របបលន់ នល់] និងសង្គមថ្មី [របបខ្មែរក្រហម] របបមួយណាងាយស្រួលរស់នៅជាង?” ពេលនោះ សារ៉េត បានឆ្លើយថា “របប លន់ នល់ ងាយស្រួលរស់នៅជាង ព្រោះរស់នៅជួបជុំគ្រួសារ, ការហូបចុកសេរីតាមផ្ទះ, និងងាយស្រួលក្នុងការធ្វើដំណើរ។
នៅខែកញ្ញា ឆ្នាំ១៩៧៦ សារ៉េត បានយល់ស្របតាមទស្សនខាងលើ និងបានយល់ព្រមធ្វើសកម្មភាពបំផ្លិចបំផ្លាញសម្ភាររបស់របបខ្មែរក្រហម ហើយគាត់បានចូលជាសមាជិក សេ-អ៊ី-អា តាមរយៈការអូសទាញរបស់វី។ បន្ទាប់ពីចូលជា កម្លាំង សេ-អ៊ី-អា សារ៉េត ធ្វើសកម្មភាពប្រឆាំង និងបំផ្លិចបំផ្លាញសម្ភារកសិកម្មដូចជា៖ នង្គ័ល, រនាស់, ចបជីក, ពូថៅ, រណារ, ប៉ោតដងទឹក និងបង្គីមួយចំនួន ហើយពេលទៅភ្ជួរដីស្រែគាត់បានធ្វើឲ្យក្របីរងរបួស ព្រមទាំងបានបំផ្លាញអំពូលភ្លើងផងដែរ ក្នុងគោលបំណងឲ្យរបបខ្មែរក្រហមដួលរលំ។ សារ៉េត ក៏បានលួចអាហារអង្គការហូប, មិនស្តាប់ការណែនាំរបស់ថ្នាក់លើ, បំផ្លាញទិន្នផលស្រូវ, ស្ទូងដោយមិនបញ្ចូលទឹកក្នុងស្រែ។ ចំណែកនៅអង្គភាពទ័ពវិញគាត់បានបំផ្លាញវិទ្យុទាក់ទង, នាឡិកា និងបំផ្លាញសម្លៀកបំពាក់ទ័ពដោយរហែកតិចតួចយកសម្លៀកបំពាក់ទាំងនោះទៅបោះចោល។
សារ៉េត ក្រៅពីបំផ្លាញសម្ភារទាំងនោះគាត់ក៏បានស្គាល់ជាមួយ កម្លាំង សេ-អ៊ី-អា ពីរនាក់ទៀត ដែលមានឈ្មោះ ធឿន ជាប្រធានក្រុមវរសេនាតូច២៣៤ (បច្ចុប្បន្ន(ឆ្នាំ១៩៧៧) នៅអង្គភាពធ្វើផ្លូវជាតិលេខ៥) និងឈ្មោះ ស៊ី្រ ជាយុទ្ធជន កងតូចទី៣ វរសេនាតូច២៣៤ វរសេនាធំ១៥២។ ក្នុងខែកញ្ញា ឆ្នាំ១៩៧៦ នៅជិតវត្តព្រៃសរ ជាយទីក្រុងភ្នំពេញ សារ៉េត, ស្រ៊ី និងធឿន ត្រូវបាន វី អប់រំថាត្រូវលាក់ការណ៍សម្ងាត់ឲ្យបានខ្ពស់អំពីសមាសភាព កម្លាំង សេ-អ៊ី-អា ហើយបើអង្គការដឹងត្រូវទទួលខុសត្រូវរៀងៗខ្លួន ដាច់ខាតកុំឆ្លើយដាក់គ្នា។ វី ក៏បានប្រគល់ផែនការឲ្យអ្នកទាំងបីប្រមែលប្រមូល កម្លាំងបន្ថែមឲ្យបានច្រើន ដើម្បីផ្តួលរំលំបដិវត្តន៍នៅថ្ងៃខាងមុខពេលដែលឱកាសមកដល់។ ក្រោយមក សារ៉េត អូសទាញយោធានៅវរសេនាធំ១៥២ បានពីរនាក់ ឈ្មោះ វ៉ា ជាយុទ្ធជន កងតូចទី២ កងធំ២០៩ វរសេនាតូច២៣៤ វរសនាធំ១៥២ និងឈ្មោះ ភាព ជាយុទ្ធជននីរសារកងធំ២០៩ វរសេនាតូច២៣៤ វរសេនាធំ១៥២ (នៅភូមិកសិកម្ម) ឲ្យចូលជា កម្លាំង សេ-អ៊ី-អា។ បន្ទាប់មកអ្នកទាំងពីរបានបំផ្លិចបំផ្លាញសម្ភារអង្គការមួយចំនួនដូចជា៖ នង្គ័ល, ចបជីក, រហាត់ទឹក, បង្គី, សម្ភាររោងជាង, ពាងទឹក និងមិនបញ្ចូលទឹកទៅក្នុងស្រែ, ដំណាំ បណ្តាលឲ្យដំណាំខូចអស់ពីរហិកតា ព្រមទាំងបានបំផុសឲ្យយុទ្ធជនបះបោរប្រឆាំងនឹងថ្នាក់លើជាដើម។
នៅខែកក្កដា ឆ្នាំ១៩៧៧ សារ៉េត បានទទួលរងរបួសក្នុងសមរភូមិ ហើយបានទៅសម្រាកព្យាបាលនៅពេទ្យមួយរយៈ។ បន្ទាប់មកអង្គការក៏ចាប់ខ្លួន សារ៉េត និងសួរចម្លើយចប់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៧៧៕
អត្ថបទដោយ អេង សុខម៉េង
កំណត់ចំណាំ៖ ចម្លើយប្រវត្តិក្បត់ដែលបានឆ្លើយសារភាពរបស់អ្នកទោសទាំងអស់សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់កងសួរចម្លើយរបស់ខ្មែរក្រហម។
[1] ឯកសារ J00832 ចម្លើយសារភាពរបស់ យូរ សារ៉េត ជាយុទ្ធជនកងតូចទី២, កងធំ២០៩ វរសេនាធំ១៥២, ភូមិភាគបូព៌ា, ចម្លើយសារភាពមានចំនួន ២២ទំព័រ។