កុមារត្រូវជួយធ្វើការដើម្បីទទួលបានរបបអាហារ

(ព្រៃវែង)៖ យ៉ុន យាត់ មានអាយុ៥៥ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ គាត់ មានបងប្អូនប្រាំពីរនាក់។

នៅសម័យ លន់ នល់ យាត់ បានឃើញក្នុងភូមិមានការទម្លាក់គ្រាប់បែក និងមានសង្រ្គាមរវាងកងទ័ពខ្មែរក្រហមជាមួយកងទ័ព លន់ នល់។ គាត់ និងប្រជាជនក្នុងភូមិបានរត់គេចទៅពូននៅភូមិស្តៅ និងតំបន់ព្រៃនៅជិតៗ​ដើម្បីគេចពីការទម្លាក់គ្រាប់បែកដែលគាំទ្រ លន់ នល់។ ថ្ងៃមួយអំបែងគ្រាប់បែកបានធ្លាក់ចំគ្រួសារគាត់ដែលកំពុងតែពូននៅក្នុងរណ្តៅត្រង់សេបានបណ្តាលឲ្យឪពុក​របស់គាត់ទទួលរងរបួស។

ក្នុងរបបខ្មែរក្រហម យាត់ មានអាយុប្រមាណ៦ឆ្នាំ។ គាត់បានដឹងរឿងរ៉ាវពីរបបនោះតាមរយៈការដំណាលប្រាប់ពីចាស់ៗ និងការចងចាំ។ ពេលខ្មែរក្រហមចូលគ្រប់គ្រងភូមិស្រុក យាត់ និងគ្រួសារត្រូវបានអង្គការឲ្យរស់នៅភូមិព្រៃកណ្តៀង។ គាត់ត្រូវរស់នៅក្នុងកងកុមារជាមួយក្មេងៗផ្សេងទៀតក្នុងភូមិ។ ឪពុក ម្តាយ និងបងៗត្រូវធ្វើជាកងចល័ត និងរស់នៅផ្សេងៗគ្នា។

ការងាររបស់ យាត់ គឺត្រូវជួយចាស់ៗមើលការខុសត្រូវក្មេងៗក្នុងកងកុមារ។ យាត់ បានចូលរៀនខ្លះៗប៉ុន្តែមិនដិតដល់ទេ ព្រោះត្រូវជួយធ្វើការងារដើម្បីទទួលបានរបបអាហារ។ គាត់បាន​ប្រាប់ថាពេលព្រឹកម៉ោងបួនទៀបភ្លឺ អង្គការបានវាយជួងដើម្បីឲ្យក្មេងៗដូចជារូបគាត់ឲ្យទៅរើសអាចម៍គោកំណត់ម្នាក់ចំនួនបួនទៅប្រាំបង្គី ដល់ម៉ោងប្រាំពីរព្រឹក ទៅរៀន និងពេលចេញពីរៀនវិញត្រូវទៅមើលគោ​ក្របី និងរើសគួរស្រូវតាមវាលស្រែក្នុងភូមិព្រៃកណ្តៀង ។

នៅរោងអាហារដោយសារ គាត់ជាកូនភ្លោះមានមុខដូចគ្នាជាមួយបងស្រី ពេលទៅយករបបអាហារថ្ងៃខ្លះអ្នកចែកបានបដិសេធ​មិនផ្តល់ឲ្យដោយប្រាប់ថាគាត់បានយករួចម្តងហើយ។ គាត់បានយំដោយសេចក្តីស្រេកឃ្លាន។ ដល់ពេលទៅធ្វើការគាត់បានដួលសន្លប់ដោយ​សារតែឃ្លានអាហារខ្លាំងពេក។

នៅក្នុងសហករណ៍ យាត់ បានឃើញស្រូវអង្ករនៅក្នុងឃ្លាំងមានច្រើនប៉ុន្តែខ្មែរក្រហមមិនឲ្យប្រជាជនហូបឆ្អែត។ នៅរោងបាយមានថ្ងៃខ្លះប្រជាជនត្រូវហូបពោតជំនួសបបរក៏មានដែរ។

នៅឆ្នាំ១៩៧៨ យាត់ បានឃើញខ្មែរក្រហមជម្លៀសប្រជាជនច្រើននាក់ទៅខេត្តភាគពាយ័ព្យស្ទើរអស់ពីសហករណ៍​។ នៅដើមឆ្នាំ១៩៧៩ គាត់ និងគ្រួសារក៏ត្រូវបាន ជម្លៀស​ផងដែរ ប៉ុន្តែពេលធ្វើដំណើរដល់ផ្លូវជាតិលេខមួយ មានកងរណសិរ្សរំដោះជាតិប្រជាជនខ្មែរ មកជួយសង្គ្រោះ​ទើបរបបខ្មែរក្រហមបានដួលរលំ។ គាត់ និងគ្រួសារបានត្រឡប់ទៅរស់នៅស្រុកកំណើតវិញរហូតដល់សព្វថ្ងៃ។

រឿងរ៉ាវដែល យាត់ ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺការដែលរបបនេះសម្លាប់មនុស្ស និងការបង្ខំឲ្យប្រជាជនធ្វើការរួមគ្នាក្នុងសហករណ៍ដោយគ្មានអាហារឲ្យហូបគ្រប់គ្រាន់។

បច្ចុប្បន្ន យាត់ មានជំងឺក្រពះ ជំងឺពោះវៀន និងជំងឺលើសសម្ពាធឈាម។ គាត់ពេញចិត្តចំពោះ​ការផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិតលើមេដឹកនាំខ្មែរក្រហម។ គាត់ថ្លែងថានេះជាយុត្តិធម៌មួយសម្រាប់គាត់ និងជនរងគ្រោះដទៃទៀតដែលធ្លាប់ទទួលរងទុក្ខលំបាកដោយសារការដឹកនាំមិនត្រឹមត្រូវរបស់ខ្មែរក្រហម។

សម្ភាសន៍ដោយ ដារ៉ារដ្ឋ ថាន់ណា ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin