ត្រូវបង្អត់បាយរយៈពេល៣ថ្ងៃ ព្រោះលួចរត់ចេញពីកងចល័ត
នៅឆ្នាំ១៩៧៦ ក្រុមកងចល័តដែលធ្វើការងារក្នុងភូមិស្មោងទាំងអស់ ត្រូវបានខ្មែរក្រហមផ្លាស់ឲ្យទៅធ្វើស្រែក្នុងភូមិត្រពាំងជ្រៃ។ ជាម្នាក់ក្នុងចំណោមប្រជាជនដែលត្រូវផ្លាស់ទី ពីមួយឆ្នាំទៅមួយឆ្នាំ ផៃ ត្រូវធ្វើការងារកាន់តែធ្ងន់ធ្ងរទៅ គ្មានពេលសម្រាកគ្រប់គ្រាន់។ ថ្ងៃមួយ ផៃ បានលួចរត់ចេញពីកងចល័ត ប៉ុន្តែត្រូវបានខ្មែរក្រហមតាមទាន់ រួចធ្វើទារុណកម្មដោយបង្អត់អាហារអស់រយៈពេល៣ថ្ងៃ។
យ៉ួស ផៃ[1] ភេទស្រី មានអាយុ៧៥ឆ្នាំ បច្ចុប្បន្នស្ថិតក្នុងវ័យចាស់ជរា។ ផៃ មានស្រុកកំណើតនៅភូមិស្មោង ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។ បច្ចុប្បន្ននេះ ផៃ រស់នៅភូមិស្រែតាំងយ៉ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ផៃ មានឪពុកឈ្មោះ សេះ(ស្លាប់) និងម្ដាយឈ្មោះ កែវ ភី (ស្លាប់)។ ផៃ មានបងប្អូនចំនួន៦នាក់ ដែលក្នុងនោះមានប្រុសម្នាក់និងស្រី៥នាក់។ បងប្អូនរបស់ ផៃ នៅររស់រានមានជីវិតទាំងអស់មកទល់សព្វថ្ងៃនេះ។ ផៃ មានប្ដីឈ្មោះ ផន (ស្លាប់) ដោយសារជំងឺដាច់សរសៃឈាម។ ផៃ ជាស្ត្រីមេម៉ាយរស់នៅជាមួយកូនស្រីច្បងដែលតែងតែផ្គត់ផ្គង់បាយទឹកជាប្រចាំ។ ផៃ មានកូនចំនួន៨នាក់ ក្នុងនោះមានកូនស្រីចំនួន៣នាក់និងកូនប្រុសចំនួន៥នាក់។ កូនៗរបស់ ផៃ បានរៀបការអស់ហើយៗ។
នៅវ័យកុមារ ផៃ បានរៀនសូត្រត្រឹមថ្នាក់ទី១១ពីសង្គមចាស់ ដែលស្មើនឹងថ្នាក់ទី២បច្ចុប្បន្ន។ ផៃ អាចអានអក្សរបានបន្តិចបន្តួច។ ក្រៅពីការរៀនសូត្រ ផៃ បានជួយឪពុកម្ដាយធ្វើការងារផ្ទះដូចជាដាំបាយ និងធ្វើម្ហូបជាដើម។ រៀនបានរយៈពេលប្រហែល២ឆ្នាំ ផៃ បានសម្រេចចិត្តឈប់រៀនដោយសារតែខ្លួនមានជំងឺប្រចាំកាយ ធ្វើឲ្យប៉ះពាល់ដល់ការសិក្សារៀនសូត្រ មិនអាចរៀនសូត្របន្តទៀតបាន។ ក្រោយពេលឈប់រៀន ផៃ រស់នៅជាមួយម្ដាយឪពុកនៅក្នុងភូមិស្មោង សម្រាកព្យាបាលជំងឺនៅផ្ទះនិងជួយគ្រួសារធ្វើស្រែចម្ការតាមកម្លាំងដែលអាចធ្វើទៅបាន។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ។ ផៃ រស់នៅជាមួយឪពុកម្ដាយនៅក្នុងភូមិស្មោងដដែល។ កាលនោះ ផៃ មានអាយុ២០ឆ្នាំ ត្រូវបានឪពុកម្ដាយ រៀបចំឲ្យរៀបការ ស្របពេលដែលក្នុងភូមិកំពុងកើតមានសង្គ្រាមស៊ីវិល។ ពិធីរៀបការកំពុងតែប្រព្រឹត្តទៅ ស្រាប់តែមានយន្តហោះរបស់អាមេរិកមកទម្លាក់គ្រាប់បែកនៅក្នុងទីរួមខេត្តតាកែវ ធ្វើឲ្យមានសំឡេងកងរំពងយ៉ាងខ្លាំងខ្ទរពេញភូមិ។ ឪពុកម្ដាយនិងសាច់ញាតិបងប្អូនរបស់ ផៃ មានការព្រួយបារម្ភពីសុវត្តិភាពយ៉ាងខ្លាំង ប៉ុន្តែទោះបីជាយ៉ាងណាពិធីរៀបការនៅតែបន្តធ្វើរហូតដល់ចប់។ នៅក្នុងឆ្នាំ១៩៧២ ផៃ សម្រាលបានកូនស្រីម្នាក់ ដែលពេលនោះ ការទម្លាក់គ្រាប់បែកនៅតែបន្តទម្លាក់ចូលមកដល់ក្នុងភូមិ។ ផៃ បានជួបនូវការលំបាកជាខ្លាំង ពីព្រោះខ្លួនទើបតែសម្រាលកូនរួច ហើយស្រុកទេសជួបប្រទះការជ្រួលច្របល់បែបនេះ។ ប្រជាជននៅក្នុងភូមិទាំងអស់ បាននាំគ្នាធ្វើត្រង់សេរនៅក្បែរផ្ទះម្នាក់មួយៗ ដើម្បីគេចខ្លួនពីការទម្លាក់គ្រាប់បែក។ គ្រួសាររបស់ ផៃ បានជីកត្រង់សេរនៅក្បែរព្រៃសម្រាប់លាក់ខ្លួន ហើយ ផៃ បានវេចខ្ចប់អង្ករពីផ្ទះទៅ សូម្បីតែដាំបាយឬធ្វើម្ហូប ក៏គាត់មិនហ៊ានឲ្យឃើញផ្សែងនោះទេ ព្រោះខ្លាចយន្តហោះមកទម្លាក់គ្រាប់។ បន្ទាប់មក ផៃ និងក្រុមគ្រួសារបានភៀសខ្លួនទៅរស់នៅវត្តត្រពាំងធំវិញ ដោយសារការទម្លាក់គ្រាប់បែកពីទាហានអាមេរិកកើតមានកាន់តែខ្លាំងឡើងៗ។ ផៃ និងគ្រួសាររស់នៅវត្តត្រពាំងធំបានរយៈ១ឆ្នាំ។ នៅចុងឆ្នាំ១៩៧៤ ការទម្លាក់គ្រាប់បែកមានភាពស្ងប់ស្ងាត់ ផៃ បានត្រលប់ទៅរស់នៅក្នុងភូមិស្មោងវិញ។
នៅឆ្នាំ ១៩៧៥ ខ្មែរក្រហមបានវាយរំដោះទីក្រុងភ្នំពេញដោយជោគជ័យ។ នៅក្នុងភូមិរបស់ ផៃ ខ្មែរក្រហមដើរប្រមែប្រមូលទ្រព្យសម្បត្តិរបស់ប្រជាជនទាំងអស់ដាក់រួមគ្នា ដើម្បីទុកប្រើជារបស់រួម។ សម្ភារទាំងអស់ដែលខ្មែរក្រហមប្រមូលបាន ត្រូវយកទៅទុកនៅក្នុងរោងសហករណ៍។ គ្មាននរណាម្នាក់ហ៊ានយកមកប្រើប្រាស់ជាកម្មសិទ្ធផ្ទាល់ខ្លួននោះទេ។ ក្រោយមកទៀត ខ្មែរក្រហមឲ្យប្រជាជននៅក្នុងភូមិស្មោងទាំងអស់ ធ្វើការរួមគ្នានិងហូបបាយរួមគ្នា ប៉ុន្តែស្នាក់នៅតាមផ្ទះរៀងៗខ្លួន។ ខ្មែរក្រហមបានប្រើ ផៃ និងប្រជាជនផ្សេងទៀត ឲ្យធ្វើការដូចជាជីកប្រឡាយ រែកដីជាដើម។ នៅក្នុងការជីកប្រឡាយ ប្រជាជនត្រូវជីកឲ្យបាន១ម៉ែត្រគូបក្នុង១ថ្ងៃ។ ចំណែកអាហារហូបចុកវិញ គឺមានតែបបរជាមួយសម្លប្រលិត។ ក្នុង១ថ្ងៃ ខ្មែរក្រហមចែករបបអាហារតែ២ពេលប៉ុណ្ណោះ រួមមាន ថ្ងៃត្រង់និងល្ងាច។
ចំណែកឯប្តីរបស់ ផៃ ត្រូវបានខ្មែរក្រហមប្រើឲ្យឡើងត្នោត ដើម្បីយកទឹកត្នោតមកធ្វើជាស្ករ។ ក្នុងមួយថ្ងៃៗ គាត់ត្រូវឡើងត្នោតជាច្រើនដើម។ កូនរបស់ ផៃ ត្រូវទុកឲ្យយាយចាស់ៗជាអ្នកមើលថែរហូតទាល់តែពេលយប់ ទើបគាត់អាចមកជួបជាមួយកូនបាន។ ក្រោយមកទៀត ឪពុករបស់ ផៃ បានស្លាប់ដោយសារមិនមានអាហារហូបចុកគ្រប់គ្រាន់ ដែលបណ្ដាលឲ្យគាត់ឈឺរហូតដល់ស្លាប់។ នៅក្នុងឆ្នាំ១៩៧៦ ផៃ បានចូលធ្វើការនៅក្នុងកងចល័ត ដោយមានបង ហេម ភេទប្រុស ជាអ្នកគ្រប់គ្រងប្រជាជនចំនួនមួយភូមិ។ ខ្មែរក្រហមបានប្រើ ផៃ និងប្រជាជនទាំងអស់នៅក្នុងភូមិឲ្យធ្វើស្រែរួមគ្នា ចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង១១ថ្ងៃត្រង់ ទើបបានសម្រាកហូបបបរ។ ក្រោយពេលហូបបបររួចប្រជាជនមិនបានសម្រាកទេ ព្រោះត្រូវទៅដាំចេករហូតដល់ម៉ោង១ទើបចុះធ្វើស្រែបន្តទៀតរហូតដល់ម៉ោង៥ ទើបឈប់សម្រាកនៅតាមសហករណ៍រៀងខ្លួន។
បន្ទាប់មកទៀត ខ្មែរក្រហមបានជម្លៀស ផៃ ឲ្យទៅរស់នៅភូមិព្រៃផ្កា។ នៅទីនោះ ផៃ ធ្វើការងារច្រើនមុខណាស់ រួមទាំងធ្វើស្រែ ជីកប្រឡាយ និងលើកភ្លឺស្រែ។ សម្រាប់អាហារហូបចុកវិញ ផែ ទទួលបានតែបបរលាយជាមួយប្រលិតតែប៉ុណ្ណោះ។ ក្រោយពេល ផៃ ទៅធ្វើការងារនៅក្នុងភូមិត្រពាំងជ្រៃ ប្ដីរបស់ ផៃ បានបែកទៅធ្វើការនៅតាមកងរបស់ខ្លួនវិញ។ បន្ទាប់មកទៀត ខ្មែរក្រហមបានជម្លៀស ផៃ ឲ្យមកធ្វើការនៅភូមិទំពាំងជ្រៃវិញម្ដង ហើយខ្មែរក្រហមប្រើ ផៃ ឲ្យធ្វើការកាន់តែធ្ងន់ធ្ងរទៀត។ គ្រានោះ ផៃ បានដាច់ចិត្តលួចរត់ពីទំពាំងជ្រៃ ប៉ុន្តែមិនបានសម្រចទេ ហើយត្រូវខ្មែរក្រហមយកត្រឡប់មកវិញ ព្រមទាំងត្រូវទទួលទារុណកម្មដោយបង្អត់អាហាររយៈពេល៣ថ្ងៃ។
ចំពោះការរស់នៅប្រចាំថ្ងៃ ផៃ គ្មានសម្លៀកបំពាក់គ្រប់គ្រាន់ទេ។ គាត់មានតែសម្លៀកបំពាក់ពីរសម្រាប់តែប៉ុណ្ណោះក្នុងការផ្លាស់ប្តូរគ្នា។ ចន្លោះឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៨ ផៃ បានបែកគ្នាជាមួយប្ដីមករហូត និងមិនដែលបានជួបគ្នានោះទេ។ លុះដល់ឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានចូលមករំដោះប្រទេសកម្ពុជា។ ផៃ មិនបានរត់បះបោរតាមប្រជាជនផ្សេងនោះទេ។ គាត់ធ្វើដំណើរត្រលប់មកភូមិស្មោង ដើម្បីជួបជាមួយប្ដីនិងកូនៗ។ ប្រហែលនៅឆ្នាំ២០០០ ផៃ បានចេញពីស្រុកកំណើតមករស់នៅខេត្តពោធិ៍សាត់ ក្នុងភូមិទួលគ្រួសជាមួយប្ដីដោយប្រកបរបរជាជ័រចុង ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ រឿងរ៉ាវដែលផៃនៅចាំមិនភ្លេចនោះគឺ ខ្មែរក្រហមបានប្រើឲ្យធ្វើការគ្មានពេលសម្រាក ហើយថែមទាំងមិនឲ្យប្រជាជនបរិភោគគ្រប់គ្រាន់ទៀតផង។ ម្យ៉ាងទៀត ឪពុករបស់ត្រូវស្លាប់ដោយសារគ្មានអាហារហូបចុកគ្រប់គ្រាន់។
អត្ថបទដោយ៖ ឡាំ ស្រីនីត
ឯកសារយោង
[1] មជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមឯកសារកម្ពុជា សម្ភាសន៍ជាមួយ យ៉ួស ផៃ ភេទស្រី អាយុ៧៥ឆ្នាំ នៅថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២៤។